(កំពង់ស្ពឺ)៖ លោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ថា រាល់ព្រឹកថ្ងៃចន្ទ តាមការបំផុសស្មារតីរបស់រដ្ឋបាលក្រុង ឃើញមានបងប្អូនអាជីវករ ផ្សារឧដុង្គ និងផ្សាបាត់ដឹងចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗគ្នា។
លោកអភិបាលក្រុង ចង់ឃើញពលរដ្ឋគ្រប់គោរពទង់ជាតិរាល់ថ្ងៃចន្ទឲ្យបានគ្រប់គ្នា មិនថានៅតាមដងផ្លូវ ឬផ្សារ បើសិនមានសញ្ញាស្តីពីការគោរពទង់ជាតិ សូមឲ្យបងប្អូនមេត្តាឈប់ត្រឹមតែ១នាទី។ លោកថា នេះគឺបានបង្ហាញអំពីការគោរព និងស្រឡាញ់ជាតិរបស់យើង និងធ្វើឲ្យមើលពីភាពថ្លៃថ្នូររបស់ប្រជាជនទាំងអស់ ហើយជាគំរូដ៏ល្អសម្រាប់កូន ចៅជំនាន់ក្រោយបន្តទៀត។
សូមបញ្ជាក់ថា ការចូលរួមគោរពទង់ជាតិរបស់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ រៀងរាល់ថ្ងៃចន្ទ គោលបំណងលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាព និងចីរភាព។ ជាទូទៅក្រសួងខ្លះ មានការគោរពទង់ជាតិគ្រប់ថ្ងៃការងារ ហើយក្រសួងខ្លះគោរពទង់ជាតិចំថ្ងៃចន្ទ ទៅតាមការដឹកនាំរបស់ស្ថាប័ននីមួយៗ៕