(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងឱកាសទទួលបានការអនុញ្ញាតនេះ លោក Jacco Van Der Linden បានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅប្រទេសកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងបានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ដល់ក្រុមហ៊ុនកន្លងមក។
ទទឹមនេះលោក Jacco Van Der Linden ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។
នាឱកាសនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ិននីគែន ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើតការងារដោយផ្ទាល់ និងប្រយោលនៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។
សម្តេចធិបតី ក៏បានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត៕