(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន លោក មុំ សាម៉េត ហៅ DJ HERO ត្រូវបានផាកពិន័យ ដោយសារបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L។
សេចក្តីបំភ្លឺព័ត៌មាន ធ្វើឡើងបន្ទាប់ពីមានការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា «លោកប៉ូលីសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់»។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង ម៉ាក FORD Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះ មុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ ទិសដៅពីកើតទៅលិច ឆ្លងកាត់គោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ទើបសមត្ថកិច្ចនៅគោលដៅនោះ ឃាត់ហៅត្រួតពិនិត្យ។ ជាលទ្ធផល អ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L ទើបសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់។
សូមបញ្ជាក់ថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕