(ស្វាយរៀង)៖ លោក លីជុន សាវ (Lijun shao) ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមហ៊ុនចូលរួមអនុវត្តច្បាប់របស់កម្ពុជា ហើយក្រុមហ៊ុនត្រូវបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាស។ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុនបានរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យមុនគេ ដែលធានាថាសំណល់រាវបញ្ចេញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មិនមានជាតិពុល មុននឹងការបង្ហូរចេញទៅតាមប្រឡាយសាធារណៈ។
នៅក្នុងឱកាសដែលក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅពិនិត្យការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤, លោកបានគូសបញ្ជាក់ថា៖ «មុនទឹកបង្ហូរទៅប្រឡាយ ត្រូវបានឆ្លងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។ ពួកខ្ញុំអភិវឌ្ឍន៍មែន តែពួកខ្ញុំអត់ចោលចំពោះការគិតគូរដល់សុខភាពប្រជាជន បរិស្ថាន ធម្មជាតិ និងភាពបៃតងនោះទេ»។
លោកបានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់នេះ មិនមានការបង្ខិតបង្ខំពីសំណាក់ក្រសួងនោះទេ តែជាការចូលរួមអនុវត្តច្បាប់ជាធរមាន ដោយខ្លួនឯង ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការបញ្ចេញសំណល់រាវដែលមានជាតិពុលទៅខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសនេះ។ យើងចង់បានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាស ផ្សេងទៀត ចូលរួមបំពាក់ឧបករណ៍នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន លើវិស័យបរិស្ថាន និងអាចក្លាយជាចំណែកមួយសម្រាប់ទាក់ទាញអ្នកវិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។
បើតាមលោកស្រី ម៉េច សិរីរ័ត្ន រស់នៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេសនេះ បានសម្តែងក្តីអស់បារម្ភ ដោយបានថ្លែងថា នេះជាការគិតគូរដល់បរិស្ថាន និងសុខភាពរបស់ប្រជាជន ដែលពឹងអាស្រ័យទឹក មច្ឆា និងជីវៈចម្រុះនៅតាមប្រឡាយ ព្រែក ស្ទឹងបឹងបួរ នៅពេលនៅតាមរោងចក្រសហគ្រាសបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។
«បើបញ្ចេញជាតិពុលមកតាមប្រឡាយព្រែក ដែលខ្ញុំប្រើប្រាស់ទឹក និងប្រកបរបរនេសាទ គឺពួកខ្ញុំអត់គាំទ្រនោះទេ! ដូច្នេះបើមានការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានជាតិពុល គឺជាការល្អណាស់!»។ នេះជាការលើកឡើងរបស់លោកស្រី ម៉េច សិរីរ័ត្ន។
នៅក្បែរតំបន់សេដ្ឋកិច្ចក្រុងបាវិតនេះ មានប្រជាពលរដ្ឋ រស់នៅ និងប្រើប្រាស់ទឹកពីព្រែកមួយ ដែលមានឈ្មោះថា «ព្រែកល្ពៅ» ដែលងាយមានហានិភ័យនៃការបំពុលប្រសិនបើមិនមានការគ្រប់គ្រងសំណល់របស់រោងចក្រឱ្យបានត្រឹមត្រូវ។សម្រាប់លោកស្រី ចាន់ លីដា ដែលមានផ្ទះសម្រាប់ជួលបន្ទប់ឱ្យកម្មករនិយោជិត និងអ្នកលក់ដូរនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត បានសម្តែងមតិសារទរចំពោះការអនុវត្តច្បាប់របស់រោងចក្រសហគ្រាសនានា។ លោកស្រីសំដែងការត្រេកអរនៅពេលមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យជាតិពុល ដែលអាចជួយកុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត របស់មនុស្សសត្វនៅក្នុងតំបន់ក្បែរឧស្សហកម្ម។ ចំណែកការរកត្រីនៅតំបន់នោះទៀតសោត ក៏មិនមានបញ្ហាអ្វីកើតឡើងដែរ។
សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រកំពុងតែត្រូវបានបំពាក់ទៅតាមការស្នើសុំរបស់រោងចក្រសហគ្រាសចំនួន១១១ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។
ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានតម្រូវឱ្យគ្រប់រោងចក្រសហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពល ព្រមទាំងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។
ការធ្វើទំនើបកម្មនៃការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន រោងចក្រសហគ្រាស ដែលជាប្រភពនៃការបញ្ចេញសំណល់ (រាវ) ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាននេះគឺសំដៅពង្រឹងការអនុវត្តច្បាប់។ លើសពីនោះ វាក៏ជួយកាត់បន្ថយការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន។ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុលទាំងអស់ គឺដើម្បីធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា នូវពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេគឺ៖ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ហើយទិន្នន័យទាំងនោះទោះ ក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ។
នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យកម្ពុជាស្អាតនៅលើដី ភាពស្អាតលើដែនទឹក និងស្អាតនៅលើអាកាស ដែលធ្វើឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕