(ចិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប បានជួបពិភាក្សាការងារជាមួយលោក Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន។
ក្នុងជំនួបនារសៀលទី៩ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កា លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។
លើកឡើងក្នុងឱកាសនេះលោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមាន ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ «ខ្សែក្រវាត់ និងផ្លូវ» និង «គោលនយោបាយចិនតែមួយ» ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាការឆ្លើយតបលើការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក Li Xiaopeng បានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែម ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងគាំទ្រ និងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូននៅកម្ពុជា។
ជាមួយគ្នានេះដែរលោក Li Xiaopeng បានគូសបញ្ជាក់អំពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព៕