(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។
វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងឡើងជាលើកទី១ ក្នុងឆ្នាំ២០១៣ នៅខេត្តសៀមរាប ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្រោយពីខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៣០ឆ្នាំមុន ដើរចូលផ្សារអាមេរិក អត់ឃើញមានផលិតផលរបស់ខ្មែរនោះទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាមានមានផលិតផលជា ច្រើនាំចេញទៅក្រៅប្រទេស និងនៅលើទីផ្សារតាមបណ្តាប្រទេសនានា។
រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម, ម្យ៉ាង ដោយសារថា យើងមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរពីធម្មជាតិ, ជាពិសេស លើកត្តាទឹកដី ដែលអាចផ្ដល់នូវកសិផល ឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានានេះ គឺជាមោទនភាព និងបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀតសម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។
រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យ ស្រូវអង្ករនេះ និង បានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ, ហើយទន្ទឹមនេះ, ការនាំ- ចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង ដោយពន្ធ និង អាករជាបន្ទុករបស់រដ្ឋ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១,០០០នាក់ ដើម្បីជួយដល់កសិករ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីកសិកម្មមិនរីកទេ តែត្រូវរកវិធីធ្វើយ៉ាងណាឱ្យការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ជាងមុន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានទីផ្សារជាច្រើន ដែលយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយ មិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មីរបស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេសការកែច្នៃដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក។
នៅពេលដែលវិស័យឯកជនមានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូលទៅដល់ទីផ្សារនៅបស្ចិមប្រទេស, ខ្ញុំជឿជាក់ថា ពុំមានទីផ្សារណាដែលយើងចូលពុំចុះនោះទេ ដរាបណាយើងទទួលបាននូវការផ្ដល់តម្លៃសមរម្យ ដល់ផលិតផល របស់យើង ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះវឌ្ឍនភាពនៃសហគមន៍កសិកម្មទំនើប និងមានបំណងចុះពិនិត្យដោយផ្ទាល់ផងដែរ។
* សម្តេចធិបតី សូមអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ដើរតួសំខាន់សម្រាប់ប្រព័ន្ធពាណិជ្ជកម្ម ជាពិសេសកាត់បន្ថយថ្លៃលើការដឹកជញ្ជូន។
* សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថាវេលាម៉ោង១៦៖១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្ទាល់ តាមរយៈបណ្តាញព័ត៌មាន Fresh News៕