(កំពង់ចាម)៖ លោក ផេន សុផល អតីតអភិបាលស្រុកបាធាយ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។ ពិធីធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំឱ្យមានការប្រឡងប្រណាំងការអនុវត្គគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ ដោយរដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីនីតិវិធី និងការផ្ដល់ជ័យលាភីនៃការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដែលមានរយៈពេល នៃការប្រឡងប្រណាំងមួយឆ្នាំម្តង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណង នៃការរៀបចប្រឡងប្រណាំង គឺដើម្បីជំរុញលើកទឹកចិត្តដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានសម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យមាន ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅកាត់បន្ថយភាពក្រីក្រ និងពង្រឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដើម្បីសម្រេចបាន ជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក ប្រាក់ សំអឿន បានយកឱកាសនោះ ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈធ្វើយ៉ាងម៉េចក្តាប់ឲ្យបាននូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ៕