(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កម្ពុជាបានសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន ដែលចំណុចទាំងនេះ គឺមានភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង់ជំរុញការការពារសន្តិភាព អធិបតេយ្យជាតិ និងចង់ស្វែងរកច្រកទ្វារទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ប្រធានបទខាងលើនេះ ពិតជាមានសារសំខាន់ ខណៈពេលដែលពិភពលោកយើងកំពុងជួបប្រឈមនឹងនិន្នាការ ដែលជំរុញការបែកបាក់, ការបែងចែក, ការរើសអើង, ការមិនឱ្យតម្លៃទៅលើគោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់សន្តិភាព, សន្តិសុខ និងអាចបង្កជាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាបានសំឡឹងឃើញអាស៊ាន ជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស,មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការច្រើន ដែលចំណុចទាំងនេះ គឺមានភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង់ជំរុញការការពារសន្តិភាព និងអធិបតេយ្យជាតិផង និងចង់ស្វែងរកច្រកទ្វារទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផង»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានដឹកនាំកម្ពុជា ចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩ ហើយ៣ឆ្នាំបន្ទាប់កម្ពុជាបានស្ម័គ្រចិត្តទទួលធ្វើជាប្រធានប្តូរវេនអាស៊ាន ទោះបីជាកម្ពុជាមានបញ្ហាប្រឈមច្រើនទាក់ទងនឹងធនធាន និងសមត្ថភាពស្ថាប័នយ៉ាងណាក្តី ហើយដល់ពេលនេះកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនអាស៊ាន ៣លើក។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកនូវមេរៀនមួយចំនួនទាក់ទងនឹងអ្វីដែលអាស៊ានបាននឹងកំពុងធ្វើនៅក្នុងបេសកកម្មរួមរបស់អាស៊ាន ក្នុងការជំរុញ ការការពារ សុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈដែលយើងបានជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់នារយៈកាលជិត៦ទសវត្សរ៍កន្លងមក។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលជិត ៦០ឆ្នាំ នៃការបង្កើតអាស៊ាន មានការព្យាករណ៍មិនតិចទេ ដែលថា
អង្គការតំបន់មួយនេះនឹងមិនអាចទទួលជោគជ័យ ដោយសារភាពខុសគ្នាជាច្រើនរវាងប្រទេសសមាជិក, ទាំងផ្នែកប្រព័ន្ធដឹកនាំនយោបាយ, សេដ្ឋកិច្ច, ជាតិសាសន៍, វប្បធម៌ និងភាសាជាដើម។ ប៉ុន្តែ អាស៊ានមិនបានចុះអន់ថយនោះទេ គឺមានតែរឹងមាំឡើង ហើយប្រទេសជាច្រើន ចង់បានអាស៊ានធ្វើជាដៃគូ, ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន ដោយពួកគេទទួលស្គាល់ភាពចាំបាច់ (relevance) នៃវេទិកាអាស៊ាន, មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំ (convening power) របស់អាស៊ាន ដែលអាចមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាក់ស្តែង មកទល់បច្ចុប្បន្ន, មានប្រទេសចំនួន ៥៤ប្រទេស ដែលបានក្លាយជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងមានអង្គទូត និងស្ថានតំណាងប្រចាំអាស៊ានចំនួន ៩៥ប្រទេស។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិសហវិជ្ជមាន ទាំងផ្ទៃក្នុងអាស៊ានក្តី ទាំងជាមួយតួអង្គខាងក្រៅក្តី អាចកើតមានឡើងបាន ដោយសារតែអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សំខាន់ៗ ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដែលគោលការណ៍ភាគច្រើនសុទ្ធតែមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ សម្រាប់ផ្ទៃក្នុងអាស៊ាន យើងអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតរមួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កុងសង់ស៊ីស គឺដើម្បីធានាថា ប្រទេសសមាជិកទាំងអស់សុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ, មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញ ក្នុងការចូលរួមចំណែកកសាងសហគមន៍មួយ ដែលបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បានអនុញ្ញាតឱ្យប្រទេសសមាជិកនីមួយៗ ជ្រើសរើសមាគ៌ាដឹកនាំប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ច ស្របទៅតាមទិដ្ឋភាព និងតម្រូវការជាក់ស្តែងនៃប្រទេសរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវសន្តិភា សាមគ្គីភាព និងភាពសុខដុម៕