(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក-លោកស្រី នាយករងមន្ទីរ និងនាយការិយាល័យទាំង១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន។
បន្ទាប់ពីលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប អានសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ នៃមន្ទីរប្រឆាំងគ្រឿងញៀនរួចមក, ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ក្នុងនាមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានពាំនាំប្រសាសន៍សួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ព្រមទាំងផ្តាំផ្ញើដល់លោក-លោកស្រី នាយករងមន្ទីរដែលទទួលទទួលបានការប្រគល់ភារកិច្ចថ្មី សូមគោរពតាមឋានុក្រមដឹកនាំ ប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវតម្កល់ផលប្រយោជន៍របស់អង្គភាពជាធំ ។
ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំលោកនាយការិយាល័យទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងឯកសារលិខិតស្នាម ធ្វើការបែងចែកលិខិតឆ្លើយតបឲ្យបានច្បាស់លាស់ និងទាន់ពឹលវេលា សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារទាំងពេលបច្ចុប្បន្ននិងទៅអនាគត។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ក្នុងនាមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមកយ៉ាងសកម្ម ទទួលបានលទ្ធផលល្អ។ ទន្ទឹមនោះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលំអ និងជាបទពិសោធន៍ផងដែរ។
លោកឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា ការប្រគល់ភារកិច្ចថ្មីជូនដល់ លោក-លោកស្រី នាយករងមន្ទីរនៅពេលនេះ សំដៅពង្រឹងពិសេសប្រសិទ្ធការងារ និងការទទួលខុសត្រូវលើការបញ្ជាដឹកនាំផងដែរ។
ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ក៏បានផ្តាំផ្ញើដល់លោក-លោកស្រី នាយករងមន្ទីរ និងលោកនាយការិយាល័យជំនាញ និងមន្ត្រីទាំងអស់ សូមពង្រឹងរបៀបរបបការងារ ជាពិសេសត្រូវប្រកាន់ឱ្យបានភ្ជាប់ភ្ជួននូវបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា៕