(វ្លាឌីវូស្តុក)៖ មហាអយ្យការអមតុលាការកំពូលកម្ពុជា ដែលដឹកនាំដោយ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងបទល្មើសដែលគ្រោះថ្នាក់បំផុត ជាពិសេសបទល្មើសដែលប្រព្រឹត្តក្នុងទម្រង់ជាអង្គការចាត់តាំងការការពារសិទ្ធិ និងសេរីភាពរបស់មនុស្ស និងការពង្រឹងសមត្ថភាពសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃស្ថាប័នទាំងពីរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងនៅទីក្រុងវ្លាឌីវូស្តុក សហព័ន្ធរុស្ស៊ី នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយស្ថិតក្រោមវត្តមានរបស់ លោកស្រី ជា លាង និង លោក អ៉ីហ្គរ ក្រាស្នូវ អគ្គរដ្ឋអាជ្ញានៃការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។

ចំណុចសំខាន់ៗ ដែលភាគីទាំងពីរបានឯកភាពគ្នាមានដូចតទៅ៖

១.ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកំណត់ទិសដៅជាអាទិភាពដើម្បីសហការ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសក្នុង វិស័យបច្ចេកវិទ្យាព័ត៌មាន បទល្មើសហិរញ្ញវត្ថុ ការជួញដូរដោយខុសច្បាប់នូវអាវុធ សារធាតុផ្ទុះ និងឧបករណ៍បំផ្ទុះ ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសប្រឆាំងនឹងអនីតិជន និងក្រុមជនងាយរងគ្រោះ ការជួញដូរមនុស្ស សរីរាង្គមនុស្ស និងជាលិកា និងបទល្មើសក្នុងវិស័យបរិស្ថាន។ កិច្ចសហការដែលមានគោលដៅជាអាទិភាពទាំងនេះ គឺធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ បង្ក្រាប និងចាប់ខ្លួនឧក្រិដ្ឋជនប្រកបដោយជោគជ័យ និងការការពារសិទ្ធិមនុស្ស និងសេរីភាពរបស់មនុស្ស។

២.ក្របខណ្ឌនៃការពង្រឹងសមត្ថភាព

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកសមត្ថភាពព្រះរាជអាជ្ញា/រដ្ឋអាជ្ញា តាមរយៈសកម្មភាពរៀបចំកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងយន្តការចែករំលែកបទពិសោធន៍ ព័ត៌មាន ឧត្តមានុវត្តន៍ការងារ និងនិន្នាការវិវឌ្ឍន៍នៃបទល្មើសផ្សេងទៀតដែលប្រឈមនឹងកើតឡើង។

ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី បានក្លាយជាមូលដ្ឋានចម្បងសម្រាប់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តយូរអង្វែង ក្នុងការជម្រុញស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍហើយស្ថាប័នទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់របស់ខ្លួនស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ៕