(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ យកចិត្តទុកដាក់លើការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាពលរដ្ឋកម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសរវាងគ្រួសារកូនកាត់ខ្មែរ-កូរ៉េខាងត្បូង ដើម្បីឱ្យពួកគេបានស្គាល់ពីវប្បធម៌ប្រទេសទាំងពីរ ក៏ដូចជាចូលរួមជំរុញដល់សកម្មភាពទេសចរណ៍។
សម្តេចតេជោប្រធានព្រឹទ្ធសភា មានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ (KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានសមាគមវប្បធម៌កូរ៉េ បានសម្តែងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយសម្រាប់ជំនួបនេះ។
ក្នុងជំនួបនេះ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានលើកបង្ហាញពីការសិក្សាស្រាវជ្រាវរបស់លោកពាក់ព័ន្ធនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ជាមួយគ្នានោះ លោកបានបង្ហាញការស្ញប់ស្ញែងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេស ជាពិសេសការបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ន។
លោកប្រធានសមាគម ក៏បានជម្រាបសម្តេចតេជោ ពាក់ព័ន្ធការងារមួយចំនួនពាក់ព័ន្ធការងាររបស់សមាគមក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងកម្ពុជា និងកូរ៉េខាងត្បូង។
លោកប្រធានសមាគមបានជម្រាបសម្តេចតេជោផងដែរថា ក្នុងពេលខាងមុខនេះ លោកនឹង ធ្វើការជាមួយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រៀបចំកម្មវិធីផ្លាស់ប្តូរផ្នែកវប្បធម៌។ លោកប្រធាន សំណូមពរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។
លោកប្រធានបានជម្រាបសម្តេចតេជោថា កាលពីខែឧសភា មានរូបថតចំនួន២ពាន់សន្លឹក ស្តីពីវប្បធម៌ និងប្រាសាទបុរាណរបស់កម្ពុជាជាច្រើន ត្រូវបានដាក់តាំងពិព័រណ៍នៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញា សមាគមរៀបចំរាត្រីសមោសរ ដើម្បីរៃអង្គាសប្រាស់ជួយដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA។
បើតាមលោកប្រធានសមាគមនៅខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ សមាគមក៏នឹងរៀបចំកម្មវិធី តាំងពិព័រណ៍រូបគំនូរ នៅសៀមរាប ក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌រវាងកម្ពុជា និងកូរ៉េ ហើយក៏នឹងនាំសិល្បៈករល្បីៗរបស់កូរ៉េមកសម្តែងផងដែរ។
ក្នុងជំនួបនេះ លោកប្រធានសមាគមក៏បានជម្រាបពីបំណងរៀបចំការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជាពិសេសគ្រួសារកូនកាត់រវាងខ្មែរ និងកូរ៉េ ដើម្បីឱ្យគ្រួសាររបស់ពួកគេទាំងអ្នករស់នៅកូរ៉េ និងនៅកម្ពុជា បានស្គាល់ពីវប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈទស្សនកិច្ចសិក្សានានា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មិនត្រឹមជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជួយជំរុញទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋផងដែរ។ ជាពិសេសជួយជំរុញដល់សកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីសារៈសំខាន់នៃការផ្លាស់ប្តូរទំនាក់ទំនងរវាងគ្រួសារកូនកាត់ខ្មែរ-កូរ៉េផងដែរ។ បើតាមសម្តេចតេជោ បច្ចុប្បន្ននេះ មានស្ត្រីខ្មែរប្រមា ៨ពាន់នាក់ បានរៀបការជាមួយបុរសកូរ៉េ ហើយមានកូនរហូតដល់ទៅប្រមាណ ១ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសមាគមវប្បធម៌កូរ៉េ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ត្រូវបង្កើតឱ្យមានការទំនាក់ទំនងរវាងគ្រួសាររបស់ពួកគេទាំងនៅខ្មែរ និងនៅកូរ៉េ ដើម្បីពួកគេបានស្គាល់ជីដូនជីតា វប្បធម៌រវាងប្រទេសទាំងពីរ ហើយក៏ជាចំណែកជួយជំរុញដល់សកម្មភាពទេសចរណ៍ផងដែរ៕