(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅថ្នាក់ដឹកនាំ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ឱ្យថ្លឹងថ្លែងលើសេចក្តីថ្លែងការណ៍របស់ខ្លួនឱ្យត្រូវទៅនឹងស្ថានការណ៍តំបន់ និងពិភពលោកនាពេលបច្ចុប្បន្នក្នុងពេលធ្វើមហាសន្និបាតលើកទី១២ នៅក្នុងប្រទេសកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កំលុងពេលនៃដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។
នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ICAPP នឹងរៀបចំមហាសន្និបាតលើកទី១២ នៅរាជធានីភ្នំពេញ។ នេះជាលើកទី២ហើយ ដែល ICAPP បានរៀបចំមហាសន្និបាតរបស់ខ្លួននៅកម្ពុជា។ ពាក់ព័ន្ធភាពជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ធ្វើជាប្រធាននៃមហាសន្និបាត ហើយសម្តេចតេជោផ្ទាល់ធ្វើជាប្រធានកិត្តិយស។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក ជុង អ៉ីយ៉ុង បានជម្រាបសម្តេចតេជោនូវព័ត៌មានមួយចំនួនពាក់ព័ន្ធការត្រៀមលក្ខណៈសម្បត្តិ និងការរៀបចំនានាឆ្ពោះទៅកាន់ការធ្វើមហាសន្តិបាតរបស់ ICAPP នាខែវិច្ឆិកា។
បើតាមលោក ជុង អ៉ីយ៉ុង បានឱ្យដឹងថា ដំណើររៀបចំកំពុងប្រព្រឹត្តទៅបានយ៉ាងល្អ ដោយមានកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់ពីភាគីកម្ពុជា។ លោក ជុង អ៉ីយ៉ុង បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា មហាសន្និបាតរបស់ ICAPP ដែលធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ មានវិសាលភាពធំជាងពេលមុន ដោយមានបក្សនយោបាយមកពីបណ្តាប្រទេសនានាជាច្រើនចូលរួម។ មហាសន្និបាតនេះ មានគោលដៅស្វះស្វែងរកសុខសន្តិភាព ការផ្សះផ្សារ ដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាផ្តល់ចំណេះដឹងទៅកាន់ពិភពលោកផងដែរ។
លោក ជុង អ៉ីយ៉ុង បានបង្ហាញក្តីសង្ឃឹមថា កិច្ចមហាសន្និបាតរបស់ ICAPP នឹងទទួលបានជោគជ័យ ព្រោះមានការគាំទ្រពីសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ICAPP ដែលបានជ្រើសយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១២។ សម្តេចតេជោ បានបង្ហាញក្តីរីករាយចំពោះព័ត៌មានពាក់ព័ន្ធដំណើរការរៀបចំដែលប្រព្រឹត្តទៅដោយល្អប្រសើរ និងគ្មានឧបសគ្គអ្វីមករារាំង។
សម្តេចតេជោ ក៏បានណែនាំឱ្យលោក ជុង អ៉ីយ៉ុង និងក្រុមការងារយកចិត្តទុកដាក់រៀបចំបែបបទនានា ជាពិសេសសេចក្តីថ្លែងការណ៍ថ្លឹងថ្លែងឱ្យសមស្របតាមស្ថានការណ៍ដោយបញ្ចៀសឱ្យបាននូវជម្លោះនានាពីសំណាក់អ្នកចូលរួមមហាសន្និបាត។
លោក ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណសម្តេចតេជោ សម្រាប់ការផ្តល់អនុសាសន៍ល្អៗ។ លោកបានលើកឡើងថា ស្ថានការណ៍ពិភពលោកបច្ចុប្បន្នមានភាពស្មុគស្មាញ មិនងាយស្រួលនោះទេ ដូច្នេះលោកនឹងយកចិត្តទុកដាក់ឱ្យមហាសន្និបាតនេះទទួលបានជោគជ័យ ដោយមិនមានប្រកាន់បក្ខពួក ឬមនោគមវិជ្ជាអ្វីនោះឡើយ។
ក្នុងជំនួបនេះ លោក ជុង អ៉ីយ៉ុង បានបង្ហាញការគោរពចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ។ លោកបានចាត់ទុកប្រជាជនកម្ពុជា ពិតជាមានសំណាង ព្រោះមានសម្តេចតេជោ ជាមេដឹកនាំដ៏ខ្លាំងពូកែ នាំប្រទេសពីភ្លើងសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន។ កាន់តែពិសេសថែមទៀតនោះ គឺបន្តរកបានមេដឹកនាំបន្តពោរពេញដោយសមត្ថភាព គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត៕