(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា បច្ចុប្បន្ននេះការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋយើង នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស មានចំនួនកើនឡើង តែទោះជាយ៉ាងណាក៏មានប្រជាពលរដ្ឋមួយចំនួនទៅទទួលសេវា​ពិនិត្យព្យាបាលនៅក្រៅប្រទេស។ នេះក៏មិនខុសពីបណ្ដាប្រទេសនៅអាស៊ានរបស់យើង គឺប្រជាជនមួយចំនួន តែងតែចេញទៅក្រៅប្រទេសរបស់ខ្លួន ដើម្បីប្រើប្រាស់សេវាសុខាភិបាលនៅបរទេស ដែលនេះជាជម្រើសរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានធ្វើឡើងនៅក្នុងវេទិកា «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយសហការជាមួយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យកាល់ម៉ែត។

ឆ្លើយតបទៅនឹងសំណួររបស់បណ្ដាញព័ត៌មាន​ Fresh News លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា «ការពិនិត្យ និងព្យាលបាលជំងឺរបស់ប្រជាពលរដ្ឋយើង នៅតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែកទូទាំងប្រទេស គឺមានការកើនឡើង។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣កន្លងទៅ យើងបានធ្វើការប៉ាន់ប្រមាណនៃអ្នកដែលចេញទៅទទួលសេវាសុខាភិបាលឱ្យខ្ពស់បំផុត ប្រមាណជាង២០-២៥ម៉ឺននាក់ ស្មើនឹង ១.៥% តែប្រៀបធៀបនឹងអ្នកជំងឺដែលទទួលពិនិត្យព្យាបាលនៅក្នុងស្រុកយើងវិញមានចំនួនប្រមាណជា ១៣លាន ៤សែន ៤ម៉ឺននាក់ ស្មើនឹង ៩៨.៥%»។

«សម្រាប់ការទៅទទួលសេវាសុខាភិបាលនៅបរទេសនេះ ប្រទេសជឿលឿនខ្លះក៏មានចំនួនច្រើន ឬតិចជាងនេះ គឺអាស្រ័យទៅតាមសកម្មភាពរបស់ប្រទេសនីមួយៗ ដូចជានៅសិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ បារាំង អ៊ីតាលី ក៏មានអ្នកចេញទៅព្យាបាលនៅក្រៅប្រទេសដែរ ព្រោះជាការជ្រើសរើសរបស់ពួកគាត់ ។លើសពីនោះក៏មានអតិថិជនពីក្រៅប្រទេសនោះ មកទទួលសេវាសុខាភិបាលនៅកម្ពុជាយើងផងដែរ»។ នេះតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានថ្លែងទៀតថា ទោះយ៉ាងនេះក្ដី ក្រសួងសុខាភិបាល នៅតែបន្ដខិតខំប្រឹងប្រែង ដើម្បីបម្រើសេវាសុខាភិបាល និងផ្ដល់សេចក្ដីទុកដាក់ដល់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរ ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេស។ ដោយក្នុងនោះ គឺខិតខំពង្រឹងសេវាសុខាភិបាលកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈរដ្ឋ និងឯកជន និងត្រូវទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយសារការផ្សព្វផ្សាយមួយចំនួនលើសពីការពិត ដែលទាមទារឱ្យមានអប់រំផ្សព្វផ្សាយពីសុខភាពនេះដែរ៕