(កណ្តាល)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២ខ្សែ និងផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ ខ្សែ នៅស្រុកមុខកំពូល ខេត្តកណ្តាល។

លើកឡើងនាឱកាសនោះលោក ឈឹម សៅគី បានឱ្យដឹងថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយ រាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ឈឹម សៅគី បន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល ដែលមានលោក ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី បានយកចិត្តទុកដាក់យ៉ាងខ្លំាង លើការស្ថាបនាផ្លូវជនបទនេះ ព្រោះផ្លូវ​នេះ​មានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍​របស់ប្រជាពលរដ្ឋ សម្រាប់គាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រ​នៅតាមជនបទ គឺបានកំពុងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន។ ជាក់ស្តែងផ្លូវនៅក្នុងភូមិ ឃុំ ខាងលើនេះ បានកំពុងចូលរួមចំណែកដល់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើរក្នុងការរកស៊ីទទួលទាន និងការធ្វើអាជីវកម្មផ្សេងៗ ពោលគឺបានកំពុងផ្លាស់ប្តូរនូវរបត់សេដ្ឋកិច្ចគ្រួសារនៅក្នុង តំបន់ទាំងនោះ។

គួរបញ្ជាក់ដែរថា នៅក្នុងការចុះពិនិត្យផ្លូវខាងលើនេះដែរ លោក ឈឹម សៅគី រួមជាមួយគណៈកម្មាធិការអន្តរក្រសួងបានជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ដោយនៅក្នុងពិធីនោះ លោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលសម្តេចបានខិតខំ ប្រឹងប្រែងជំរុញឱ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបនេះដែរ លោករដ្ឋលេខាធិការប្រចាំការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕