(កំពត)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន៩៦,២៦%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះនឹងរៀបចំពិធីប្រគល់-ទទួល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញឱ្យលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ ព្រមទាំងក្រុមការងារការដ្ឋានយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។

ក្រុមការងារត្រួតពិនិត្យដឹកនាំដោយលោក ខាន់ ម៉ាណេរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រី PMU/PIU ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនត្រួតពិនិត្យបចេ្ចកទេស WACC ប្រធានមន្ទីសាធារណការ តាកែវ និងកំពត អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការចូលរួមពិនិត្យ និងដំណើរការសាកល្បងស្ថានីយ៍ជញ្ជីងថ្មីជាមួយក្រមការងារត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ផងដែរ។

យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូACទាំង ២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) ស្ទើរបញ្ចប់រួចរាល់ ដោយនៅសេសសល់តិចតួចប៉ុណ្ណោះ។

លោករដ្ឋលេខាធិការតែងចុះពិនិត្យជាប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕