(ឥណ្ឌូណេស៉ី)៖ នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកស្រី Cristina González

ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃ សាធារណរដ្ឋអ៊ុយរូហ្កាយប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរ លោកជំទាវ សម្រាប់ការចាប់ផ្តើមភារកិច្ច និងទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងស្ថានទូតអ៊ុយរូហ្កាយ ក្នុងទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន ជាមួយអ៊ុយរូហ្កាយ។

លោកបានលើកទឹកចិត្តឱ្យអ៊ុយរូហ្កាយ បន្តស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយអាស៊ាន ក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំង ទេសចរណ៍។

លោកក៏បានគូសបញ្ជាក់ពីឱកាសដែលអ៊ុយរូហ្កាយអាចពង្រឹងការចូលរួមជាមួយអាស៊ាន តាមរយៈយន្តការ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងទីផ្សាររួមភាគខាងត្បូង (MERCOSUR) ជាដើម។

លោកស្រីបានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់អ៊ុយរូហ្កាយ ក្នុងការជំរុញទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយអាស៊ាន។ គាត់ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។

សូមជម្រាបជូនថា អ៊ុយរូហ្កាយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអាស៊ាន តាំងពីឆ្នាំ២០១៤។ លោកស្រី Cristina González គឺជាឯកអគ្គរដ្ឋទូតអ៊ុយរូហ្កាយទី ៣ ប្រចាំអាស៊ាន។

លុះដល់នៅល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញទស្សនាការតាំងពិព័រណ៌គំនូរ A Nature's Symphony របស់លោក Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។

បន្ទាប់មកក៏មានការរៀបចំអាហារការងារពេលល្ងាច ដោយអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន ដែលក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការរិះរកវិធីដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា៕