(កូរ៉េខាងត្បូង)៖ ក្នុងឱកាសអនុញ្ញាតឱ្យលោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជា និងបានពន្យល់អំពីលក្ខណៈពិសេស នៃការវិនិយោគក្នុងរូបមន្ត ១​+។

ដោយជាកិច្ចចាប់ផ្តើមនៃជំនួប លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ហើយបានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់​ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជា​ដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំងពីរ។

លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។

លោកបានរំលឹកថា នៅពេលទស្សនកិច្ចរបស់សម្ដេចធិបតីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។

លោក Jung Jun-Ho បានលើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុ ដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពតទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការ​ពង្រឹងបរិស្ថាន។

លោកប្រធានក្រុមហ៊ុន SK Securities បានលើកឡើងថា ក្រុមហ៊ុនកូរ៉េភាគច្រើន បានចាប់អារម្មណ៍ទៅលើប្រទេសជិតខាងកម្ពុជា នៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានទីតាំងល្អ និងមានធនធានមនុស្ស។ ក្នុងទិសដៅនេះ លោកប្រធានក្រុមហ៊ុន SK Securities ក៏បានគោរពសុំការគាំទ្រពីសម្ដេចតេជោ ដល់ក្រុមហ៊ុនរបស់លោក ដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា។

ជាកិច្ចឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានអរគុណដល់ក្រុមហ៊ុន SK Securities ដែលបានឱ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុន ពីការមានវត្តមាននៅកម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដោយក្រុមហ៊ុនកូរ៉េភាគច្រើន បានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជា នៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។
ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោបានផ្ដល់អនុសាសន៍ ឱ្យក្រុមហ៊ុនសិក្សាលម្អិតថា តើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។

សម្ដេចបានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី គឺមិនមានការចាំបាច់ក្នុងការធ្វើការសិក្សាទេ ពីព្រោះ កម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។

សម្តេចតេជោ​បន្ថែមថា កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។

ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង, សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ, ដូច្នេះ កម្ពុជាចង់ទទួលបាននៅបច្ចេកវិទ្យាពីកូរ៉េ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។

សម្ដេចតេជោ បានគូបញ្ជាក់ថា ការលើកឡើងរបស់សម្ដេច អាចមិនសមស្របជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ សុំធ្វើការសិក្សាឱ្យបានលម្អិត។ ប្រទេសកម្ពុជា មានភាពងាយស្រួលច្រើន ដូចជាការបង្កើតក្រុមហ៊ុន មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និង ​ជាក្រុមហ៊ុនបរទេស ១00%។ ម្យ៉ាងទៀតកម្ពុជា អនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់មានការប្ដូរ ទៅជារូបិយប័ណ្ណក្នុងស្រុកឡើយ។

សម្ដេចតេជោ បានបន្ថែមពីការវិនិយោគក្នុងរូបមន្ត​ ១​+ និងគូសបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ នៅក្នុងប្រទេសអាស៊ាន គួរវិនិយោគផងដែរនៅក្នុងប្រទេសកម្ពុជា ព្រោះថានៅពេលប្រទេសមួយមានបញ្ហា ក្នុងផលិតកម្ម គឺរូបមន្ត ១​+ នេះ អាចធានាច្រវាក់ផលិតកម្មបាន។

សម្ដេចតេជោ ក៏បានលើកឡើងពីបទពិសោធរបស់ក្រុមហ៊ុនជប៉ុន Minebea ដែលបានវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយក៏បានវិនិយោគនៅប្រទេសកម្ពុជាផងដែរ នៅពេលដែលប្រទេសជិតខាងកម្ពុជា ជួបប្រទះនូវបញ្ហាទឹកជំនន់ រំខានដល់ខ្សែច្រវាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបាន។

សម្ដេចតេជោ បានរំលឹកថា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្ដេចធិបតី នៅប្រទេសកូរ៉េ គឺមានការព្រមព្រៀងគ្នាលើកកម្រិត ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ។ សម្ដេចជឿជាក់ថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន និងមានរយៈពេលវែងនៅកម្ពុជា ដែលក្នុងនោះក៏ស្របទៅនឹងគំនិតរបស់ក្រុមហ៊ុន ដែលលើកឡើងអំពីនិរន្តរភាព។ សម្តេចតេជោ ជូនពរឱ្យក្រុមហ៊ុន SK Securities ទទួលបានជោគជ័យ៕