(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor DRIESMAN បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានជម្រាបជូនអគ្គរដ្ឋទូត និងសហការីអំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទងនឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ លោកថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន៥ទៀត រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រីលើកឡើងអំពីទិដ្ឋភាពទូទៅនៅតំបន់ជនបទ និងការចូលរួមរបស់ក្រសួង ដើម្បីប្រែក្លាយជនបទឲ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងបង្ខិតភូមិជនបទមកជិតទីក្រុងនិងទីប្រជុំជន តាមរយៈការកំណត់យកចក្ខុវិស័យ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨) គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្តនិងគមនាគមន៍ ទី២-ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ទី៣-ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់និងអនុវត្តនោះ គឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា និងជាដៃគូសហការណ៍យ៉ាងស្អិតល្មួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើផ្នែកកសាងហេដ្ឋារចនាសម្ពន្ធ គមនាគមន៍ជនបទ ការគាំទ្រលើសេវាទឹកស្អាតនិងអនាម័យ និងផ្តល់ជាបច្ចេកទេស។

លោកឯកអគ្គរដ្ឋទូត Igor DRIESMAN បានសកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រែក្លាយតំបន់ជនបទឲ្យមានភាពរីកចម្រើន តាមរយៈការកាត់បន្ថយភាពក្រីក្រ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអប់រំ និងការកសាងហេដ្ឋារចនាសម្ពន្ធជាដើម។ ឯកអគ្គរដ្ឋទូតថ្មីរូបនេះក៏បានលើកភាពជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរឹងមាំថែមទៀត៕