(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រីបន្តថា ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀត ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្ថែមថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានខិតខំជំរុញការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផែ ការពង្រឹងគុណភាពសេវាកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការកំពង់ផ ដូចជា៖ ការសាងសង់ចំណតផែកុងតឺន័រ, ចំណតផពហុបំណង, ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេង, ទីលានស្ដុកកុងតឺន័រ ឃ្លាំងទំនិញ ចំណតរថយន្តដឹកកុងតឺន័រ, តំបន់សេដ្ឋកិច្ចពិសេស រួមទាំងការបំពាក់សម្ភារឧបករណ៍ទំនើប និងមធ្យោបាយលើកដាក់កុងតឺន័រ និង ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរដ្ឋបាលកំពង់ផែ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឌីជីថល។
បន្ថែមពីលើនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បាននិងកំពុងជំរុញការអនុវត្តគម្រោង សាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលចំណតផែទឹកជ្រៅនេះ នឹងជំរុញសមត្ថភាពផែសរុបកើនឡើងដល់ ១,៤៥០,០០០TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣ភាគរយ ចូលចតបាន ព្រមទាំងអាច កាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារ/TEUs លើសពីនេះ ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការអភិវឌ្ឍ និងចក្ខុវិស័យរបស់ខ្លួន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏គ្រោងនឹងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈការអភិវឌ្ឍចំណតផ កុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលនាពេលអនាគត នៅក្នុងអំឡុង ឆ្នាំ២០៣០ កំពង់ផែទឹកជ្រៅនេះ នឹងអាចអនុញ្ញាតនាវាកុងតឺន័រមានផ្លូវដឹកជញ្ជូននៅក្នុងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ ពុំមានឧបសគ្គលើជំម្រៅទឹកទៀតឡើយ ហើយសមត្ថភាពផសរុបក៏នឹងកើនឡើងរហូតដល់ ២,៦៣៧,០០០TEUs/ឆ្នាំ ផងដែរ។
ការអភិវឌ្ឍនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងប្រែក្លាយកំពង់ផែនេះ ទៅជាកន្លែងផ្ទេរផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ដែលអាចអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាច ចូលចតបាននាពេលខាងមុខ និងអាចកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រឱ្យមកនៅត្រឹមតម្លៃប្រហាក់ប្រហែលជាមួយបណ្តាប្រទេសនៅក្នុងតំបន់បានផងដែរ៕