(សៀមរាប)៖ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ដើមី្បរៀបចំព្រឹត្តិការណ៍ Gumball 3000 Relly in Cambodia បានលើកឡើងថា ព្រឹត្តិការណ៍ក្បួនរថយន្ត លំដាប់ពិភពលោក Gumball 3000 នឹងជួយជំរុញកំណើនភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាបកាន់តែច្រើន។
លោកបន្ងថា ព្រឹត្តិការណ៍ដ៏កម្រនេះ ដែលនឹងកើតឡើងលើកដំបូងនៅខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ និងមានក្រុមកីឡាករល្បីៗ មកពី៤០ប្រទេសចូលរួមផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក គុជ បញ្ញាសា នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ ដើមី្បរៀបចំព្រឹត្តិការណ៍ Gumball 3000 Relly in Cambodia នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុងស្រុក មានការពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និងតំណាងវិស័យឯនផងដែរ។
លោក គុជ បញ្ញាសា បានបន្តថា ព្រឹត្តិកាណ៍ដ៏ធំ Gumball 3000នេះ រៀបចំដោយឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល និង ធ្វើឲ្យមានភាពល្បីល្បាញនៅលើពិភពលោក។ លោកបន្តថា សម្រាប់នៅខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការរៀបចំតាំងបង្ហាញរថយន្ត Supercars, Hyper cars, និង Sportscars ចំនួន ៥០០គ្រឿង ដើម្បីបំបែកឯកត្តកម្មពិភពលោក (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត និងធ្វើការដាក់បង្ហាញរថយន្តនៅបរិវេណសួនច្បារព្រះរាជដំណាក់ ជូនដល់បងប្អូនទស្សនិជនទស្សនា និងធ្វើការផ្តឹតរូបភាពផងដែរ។
លោក ង៉ូវ សេងកាក់ បានលើកឡើងថា វិស័យកិច្ចកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ដោយខេត្តសៀមរាប គឺជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទល្បីៗនៅលើសកលលោក ហើយក៏ជាខេត្តនៃដួងព្រលឹងជាតិខ្មែរផងដែរ។
លោកបានបន្តថា នេះកិត្តិនាមរបស់ប្រទេសកម្ពុជា នឹងបន្តភាពល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈសកម្មភាពចូលរួមបំបែកឯកទគ្គកម្មពិភពលោកលើប្រធានបទ «ការតាំងបង្ហាញ រថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000 នឹងធ្វើឡើងលើកដំបូងខេត្តសៀមរាបនេះ។
លោក គុជ បញ្ញាសា បានបន្ថែមថា វិស័យកីឡារថយន្តនេះ គឺជាការបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគ ដើម្បីជំរុញដល់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេស នៅខេត្តសៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំ២០២៤ ទស្សនាសៀមរាប ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅនឹងកន្លែងទៀតផង។ ម៉្យាងទៀត Gumball 3000 Rally in Cambodia ក៏ជាទេសចរណ៍ផ្សងព្រេង។
លោក គុជ បញ្ញាសា ក៏បានធ្វើណែនាំមួយចំនួនដល់អាជ្ញាធរ ក្រុង ស្រុក ដែលមានភូមិសាស្ត្រត្រូវបានក្រុមរថយន្ត Gumball 3000 ធ្វើការឆ្លងកាត់ គឺត្រូវចូលរួមសហការណ៍ឲ្យបានល្អ លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់ក្រុមរថយន្ត សំខាន់នោះរាល់សត្វពាហៈនៈរបស់ប្រជាពលរដ្ឋ មិនត្រូវមាន នៅតាមដងផ្លូវនោះឡើយ។
ម៉្យាងទៀត ក៏សូមឲ្យកម្លាំងសមត្ថកិច្ច ជួយសម្រួលដល់ចរាចរណ៍នៅតាមទីប្រជុំជន និងផ្លូវបំបែកជាដើម។ ក្នុងថ្ងៃនោះដេរ ក៏មានរថយន្តចម្រុះ ចំនួន៥០០គ្រឿង បានចូលមកខេត្តសៀមរាប ក្នុងការចូលរួមព្រឹត្តិការណ៍ Gumball 3000 Relly in Cambodiaនេះផងដែរ៕