(កំពង់ឆ្នាំង)៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះទៅពិនិត្យទីតាំ ងកន្លែងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលមានរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាកណ្ដាលផ្លូវជាតិលេខ ៥បណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់ និងស្រាល២នាក់។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីលោកព្រះរាជអាជ្ញា និងលោកស្នងការបានចុះពិនិត្យ ទីតាំងកើតហេតុខាងលើនេះរួចហើយនោះ លោកទាំងពីរក៏បានអញ្ជើញទៅចូលរួមនៅក្នុងពិធីបុណ្យសពជនរងគ្រោះទាំង៣នាក់ ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខដ៏សែនក្រៀមក្រំរបស់ក្រុមគ្រួសារនៃសព។ ក្នុងការអញ្ជើញ ចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំរបស់គ្រួសារសពទាំង៣នាក់ខាងលើនេះ លោកទាំងពីរក៏បានចូលរួមជាថវិកាក្នុងពិធី បុណ្យសពដើម្បីរួមចំណែកនៅក្នុងកម្មវិធីបុណ្យ ក្នុងនោះលោកព្រះរាជអាជ្ញាចូលរួមជាថវិកា២០ ម៉ឺនរៀល និងលោកស្នងការចូលរួមក្នុងពិធីបុណ្យសពថវិកាចំនួន៥០ម៉ឺនរៀលផងដែរ។

លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា នៅក្នុងពេលចុះពិនិត្យទីតាំងកើតហេតុខាងលើនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្ដល់នូវវិធីសាស្រ្តសំខាន់ៗមួយចំនួនក្នុងការស្រាវជ្រាវ និងបន្តនីតិវិធីក្នុងករណីគ្រោះថ្នាក់ចរាច រណ៍ខាងលើនេះសម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការបន្តនីតិវិធីរបស់សមត្ថកិច្ចជំនាញក្នុងការបំពេញការងារជាបន្ត។

ដោយឡែកលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានប្តេជ្ញាអនុវត្ត និងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតចំពោះតៃកុងរថយន្តបង្ក ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលបាន ស្លាប់ទៅ។ លោកវរសេនីយ៍ឯកបន្តថា រឿងដែលគួរឲ្យសង្វែកជាទីបំផុតនោះ គឺជនរងគ្រោះទាំង៣នាក់ជាបងថ្លៃ ប្អូន ថ្លៃ និងក្មួយ ដែលជនរងគ្រោះទាំង៣អ្នកនេះ រស់នៅជាមួយម្ដាយចាស់ជរានិងជាស្ត្រីមេម៉ាយក្នុងដំបូលផ្ទះតែមួ យ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ លោកវរសេនីយ៍ឯក លី ណា បានរៀបរាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់នេះបើយោងតាមវីដេអូរមួយឃ្លីបដែលមាននៅក្នុងដៃរបស់សមត្ថកិច្ច គឺករណីនេះផ្ដើមឡើងដោយរថយន្តទួរីសដឹកអ្នកដំណើរ ដោយសារតែរថយន្តនេះងាកពីរកន្លងផ្លូវបម្រុងមកដាក់ម៉ូយមិនមានការប្រុងប្រយ័ត្ន ដែលស្របពេលនោះមានរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរធ្វើដំណើរមកពីក្រោយ វ៉ាក់អើជាន់ហ្វ្រាំងមិនជាប់ (ស្ថានភាពផ្លូវសើម) និងមានល្បឿនលឿនផងនោះ បានជ្រុលចង្កូតបុកជា មួយនឹងរថយន្តទួរីសហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតរុញទៅបុកផ្ទុបជាមួយរថយន្តកូរ៉ូឡាដែលឈប់នៅជាយចិញ្ចើមផ្លូវ ចូលទៅក្នុងប្រឡាយ ហើយបន្តទៅបុករថយន្ត ford ranger XLTផលិតឆ្នាំ២០២៣មួយគ្រឿងទៀត បន្ទាប់មករថយន្តក្រុងនេះក៏បានទៅបុកនិងរបាំងទ្រូងផ្លូវទៅមុខលែងរួច។

លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុរថយន្តទួរីសបានបើករថយន្តគេចយកទៅចតទុកចោល ក្នុងវត្តមួយស្ថិតក្នុងស្រុកបរិបូរណ៍ ចំណែកតែកុងបានរត់ គេចខ្លួន តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកចាប់ បានទាំងយប់ថ្ងៃកើតហេតុនោះផងដែរ។ ចំណែកតែកុងរថយន្តក្រុងបានរត់គេចខ្លួនក្រោយពេលកើតហេតុតែសមត្ថកិច្ចក៏បានកំណត់អត្តសញ្ញាណរួចហើយ និងបន្តស្រាវ ជ្រាវដើម្បីនាំយកមកធ្វើការសាកសួរ និងបន្តនីតិវិធីតាមផ្លូ វច្បាប់។ ការសន្និដ្ឋានរបស់សមត្ថកិច្ច រថយន្តដែលបង្កហេតុដំបូង គឺរថយន្តទួរីសដឹកអ្នកដំណើរ ចំណែករថយន្តក្រុងក៏មានកំហុសដែរ ដោយប្រើប្រាស់ល្បឿនមិនសមស្របគឺបើកបរក្នុងល្បឿនលឿន។

ជាចុងក្រោយលោកវរសេនីយ៍ឯក តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវគោរពស្លាកសញ្ញាចរាចរណ៍ ដែលមាននៅសងខាងផ្លូវ និងសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ឯកាបើកបរត្រូវចេះអធ្យាស្រ័យនិងយោគយល់គ្នា ពិសេសកុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីសេចក្តីសុខទាំងខ្លួនឯង ក៏ដូចជាអ្នកដទៃផងដែរ៕