(ពោធិ៍សាត់​)៖ ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី គង់​ សំអូន​ អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានការចូលរួមមកពីខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តមណ្ឌលគិរី រតនៈគីរី ត្បូងឃ្មុំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់សរុបចំនួន៥០នាក់ នៅខេត្តពោធិ៍សាត់។

លោកស្រី ប៉ុក​ ណាឌី​ អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងស្វាគមន៍ និងរាយការណ៍ជូនពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់​និងការងារផ្សេងៗទៀតដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តបឹងទន្លេសាបមួយនេះ។

ថ្លែងក្នុងនាម លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្នុងវគ្គបណ្តុះបណ្តាលនោះ​ លោកស្រី​ គង់​ សំអូន​ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី​ បានមានប្រសាសន៍ពីភាពចាំបាច់ការចូលរួមរបស់ស្រ្តីក្នុងភាពជាម្តាយ ជីដូន​ បងស្រី​ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងសហគមន៍មូលដ្ឋាន​តាមរយះការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ ឱ្យចូលរួមការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ, ការរំលោភបំពានផ្លូវភេទ, ការជួញដូរមនុស្ស សុខភាពមាតានិងទារក​។ ល។ ដែលឆ្លុះបញ្ចាំងពីគ្រួសារ គឺជាស្នូលនៃការទប់ស្កាត់ការប្រើប្រាស់បំពានគ្រឿងញៀនខុសច្បាប់​ និងសូមជួយផ្សព្វផ្សាយឱ្យបងប្អូន ប្រជាពលរដ្ឋហ៊ានរាយការណ៍តាមរយ:App NoDrug ងាយស្រួល រហ័ស​ ដោះស្រាយបានទាន់ពេលធ្វើឱ្យសហគមន៍យើងមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន។

ថ្លែងក្នុងនាម​ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងវគ្គបណ្តុះបណ្តាលនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានពាំនាំការកោតសសេីរ​ គាំទ្រ​ពីសំណាក់​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ជូនចំពោះថ្នាក់ដឹកនាំក្រសួងកិច្ចការនារី​ ខេត្តពោធិសាត់​ និងសិក្ខាកាមទាំងអស ​ដែលបានបន្តយកចិត្តទុកដាក់អនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា ០១បប របស់ាជរដ្ឋាភិបាល «សម្អាតចកពីបឹង»

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ បានថ្លែងបន្តថា​ ការចូលរួមរបស់ស្រ្តីគឺមានសារសំខាន់ចាំបាច់​ មានឥទ្ធិពល មានភាពជិតស្និទ្ធនៅជាប់ជាមួយក្រុមគ្រួសារ​ហើយសម្លេង​ និងដំបូន្មានរបស់ស្រ្តីគឺស្រទន់អាចចាក់ចូលជ្រៅ ក្នុងក្រអៅបេះដូង​ "ការផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយ:ស្រ្តីនឹងមានប្រសិទ្ធភាពខ្ពស់»​។

លោក​ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទូទៅ​ ច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន​ និងត្រូវជួយជំរុញការទាញយកកម្មវិធី App NoDrug https://nodrugsnacd.com/download  មកប្រើប្រាស់ ដើម្បីរាយការណ៍និងទទួលបានការដោះស្រាយរាល់ករណីគ្រឿងញៀននៅមូលដ្ឋាន។

សូមបញ្ជាក់ថា​ វ​គ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១​ ដល់​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២៤៕