(កូរ៉េខាងត្បូង)៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញជាអធិបតី​ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុង​សាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះ​អនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ដើម្បីរួមចំណែក​លើកកម្ពស់​ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែក​រំលែកបទពិសោធន៍​ជោគ​ជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។ គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរ​នឹង​ចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។

វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើឡើងតាមរយៈ​កិច្ច​សហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា៖

១៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទរួមមាន ការ​បង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។

២៖ ការលើកកម្ពស់​គម្រោង​សុខភាពសាធារណៈ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។

៣៖ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធាន​មនុស្ស​រវាង​សាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត​សម្រាប់កម្មវិធី​ចល​នាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាល​បុគ្គលិក​សំខាន់ៗ​អំពីចល​នាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌។

បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងអាហារស្វាគមន៍ដោយលោក លី ឈុលរ៉ូ អភិបាលខេត្តស្យុងសាងប៊ុកដូ៕