(សៀមរាប)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៦០គ្រួសារ នៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ បានទទួលអំណោយពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក រួមជាមួយសប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ។

ពិធីនេះមានការចូលរួមពីអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប រួមជាមួយមន្ត្រីសង្ឃខេត្ត និងចៅអធិការវត្តមួយចំនួន និងមានការចូលរួមពីលោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម និងអាជ្ញាធរមូលដ្ឋានជាច្រើនចូលរួមផងដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា ព្រះអង្គមានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយការងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ ក៏ដូចជា ជួយសម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។

ព្រះគ្រូចៅអធិការ សង្ឃដីកាបន្តថា គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនាពេលនេះ គឺបានពីការប្រគេនរបស់ពុទ្ឋបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុក និងមានការចូលរួមឧបត្ថម្ភពីលោក លោកស្រីជាសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចូលរួមតាមរយៈព្រះអង្គផ្ទាល់ ដើម្បីយកទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឬក៏ជួបហានិភ័យគ្រោះថ្នាក់ដោយប្រការណាមួយ។

ព្រះបវរវិជ្ជា ទេព ភឿន មានសង្ឃដីកាថា នៅកម្ពុជាវិស័យពុទ្ឋចក្រ និងអាណាចក្រតែងតែដើរទន្ទឹមគ្នា និងផ្សារភ្ជាប់នឹងការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្តីសុខ មិនអាចចៀសរួចឡើយគ្រាន់តែទំហំទុក្ខ និងសេចក្តីសុខនោះវាខុសៗគ្នា ទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន ដូច្នេះយើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាក គឺត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ ដោយមិនត្រូវគិតថាត្រជាក់ ក្តៅ និងភ្លៀងដែលធ្វើអ្វីមិនកើតនោះទេ។

លោក គឹម វណ្ណៈ បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងព្រះមន្ត្រីសង្ឃក្រុង-ខេត្តសៀមរាប ព្រមទាំងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងការលំបាករបស់គ្រួសារខ្វះខាត នៅមូលដ្ឋាន នេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃផង​ដែរ។

អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីលទ្ឋភាព និងជំរុញកូនចៅឲ្យទៅចូលរៀនឲ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹង និងសមត្ថភាពពេញលេញ និងងាយស្រួលរកការងារធ្វើ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមផងដែរ។

អ្នកឧកញ៉ា សៀង ណាំ បានបន្តថា ប្រទេសណា ឬគ្រួសារណាក៏ដោយ បើចង់ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ឬមានជីវភាពធូរធារទៅបាន គឺចាំបាច់ត្រូវការធនធានមនុស្ស ដែលមានសមត្ថភាព និងចំណេះដឹងច្បាស់លាស់ បើគ្មានចំណេះដឹង និងសមត្ថភាពទេ គឺគ្រួសារ ឬសង្គមនោះដើរមិនទាន់គេឡើយ។                                  

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដែលបានយកមកចែក មានដូចជា៖ អង្ករ២៥គីឡូ, មី, អំបិល, ស្កសរ, ទឹកត្រី, ទឹកស៊ីអ៉ីវ, មុង, ភួយ, សាប៊ូម្សៅ, សាប៊ូដុំប្រូថិច, ប្រេងឆា, សារ៉ុង, ភេសជ្ជៈ និងថវិកាផងដែរ៕