(ក្រចេះ)៖ ក្រុមហ៊ុនរ៉ែមាស «សឹងយន្តគ័ងយិក» ត្រូវបានមន្រ្តី និងអាជ្ញាធរ ឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពីអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល បន្ទាប់ពីថ្មបានធ្លាក់សង្កត់ធ្វើឱ្យកម្មករម្នាក់ស្លាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

លោក រ័ត្ន តុលា ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ថា ហេតុការណ៍បាក់ថ្មធ្លាក់សង្កត់កម្មករម្នាក់ស្លាប់នេះ បានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបណ្តាលឱ្យកម្មកររ៉ែមាសម្នាក់ឈ្មោះ ផុន សារ៉ាន់ អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ។

លោក រ័ត្ន តុលា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនបានធានារ៉ាប់រងដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករ ដែលបានស្លាប់ក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។

លោក រ័ត្ន តុលា បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល៕