(ពោធិ៍សាត់)៖ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២ និង០២នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសព លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ដែលស្ថិតក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ (ទីតាំង៖ https://maps.app.goo.gl/ReTDefwQNE2St2kC7) ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅព្រឹកថ្ងៃសៅរ៏ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តកណ្តាល ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាងនាមឱ្យថ្នាក់ដឹកនាំ និយោជិត កម្មករអគ្គិសនីកម្ពុជាទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ មានសេចក្តីតក់ស្លុត រន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា អតីតប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ត្រូវជាស្វាមីរបស់លោកស្រី ជា ចិន្តា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ០៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង០២រំលងអាធ្រាត ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំមានសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខ ជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះមរណភាព របស់លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ដែលជាការបាត់បង់លោកឪពុកដ៏ឧត្តុង្គឧត្តម ប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ សម្រាប់កូន ចៅ ធ្លាប់ជ្រកកោនកន្លងមក។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមលំឱនកាយ លើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះ បារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

សូមលោកស្រី និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខ ដោយសេចក្តីក្រៀមក្រំបំផុតពីយើងខ្ញុំ៕