(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ ឈ្មោះថា «សួស្តីឥណ្ឌូនេស៉ី - Sousdey Indonesia» នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ J-K-L។

ពិធីបើកពិព័រណ៍ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងមានការចូលរួមពីក្រុមហ៊ុនឥណ្ឌូណេស៊ី ភ្នាក់ងារចែកចាយ ភ្នាក់ងារផ្តល់សេវា និងស្ថាប័នអប់រំមួយចំនួន ដែលនឹងផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាផងដែរ។

លោក Santo Darmosumarto បានអះអាងថា កន្លងមកស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំការតាំងពិព័រណ៍អស់១៤លើក រួចមកហើយ ប៉ុន្តែឆ្នាំ២០២៤នេះ ជាលើកទី១ ដែលមានការតាំងពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ មានស្តង់ជាង១០០ និងកើនឡើងលើស៤០ស្តង់ បើធៀបនឹងឆ្នាំមុន។

ពិព័រណ៍ពាណិជ្ជកម្មដែលមានឈ្មោះថា «សួស្ដីឥណ្ឌូនេស៊ី» នឹងមានការបង្ហាញអំពីសកម្មភាព វប្បធម៌ សិល្បៈ ម្ហូបអាហារ និងជាការបើកឱកាសសម្រាប់វិនិយោគិនឥណ្ឌូនេស៊ី មកជួបពិភាក្សាជាមួយភាគីកម្ពុជាផងដែរ។

លោកបានឲ្យដឹងថា តាមរយៈពិព័រណ៍ពាណិជ្ជកម្មនេះ នឹងជួយពង្រឹងបន្ថែមក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូនេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។ លើសពីនេះទៅទៀត នៅក្នុងការតាំងពិព័រណ៍នេះផងដែរ នឹងបានជួយឲ្យប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូនេស៊ី កាន់តែមានទំនាក់ទំនងរឹងមាំ និងជិតស្និទ្ធ។

សូមជម្រាបថា នៅក្នុងការតាំងពិព័រណ៍នេះ មាន៧៣ក្រុមហ៊ុន គឺជាក្រុមហ៊ុនឥណ្ឌូនេស៊ី, ៤១ក្រុមហ៊ុន គឺជាក្រុមហ៊ុនរបស់កម្ពុជា ដែលនាំចូលផលិតផលពីប្រទេសឥណ្ឌុនេស៊ី, នៅក្នុងនោះមាន ១ក្រុមហ៊ុនជាក្រុមហ៊ុនវៀតណាម ដែលគ្រប់គ្រង ដោយឥណ្ឌូនេស៊ីផងដែរ៕