(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ ស្មៀនឃុំ និងក្រុមប្រឹក្សាឃុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការចាំបាច់មួយចំនួនដែលត្រូវអនុវត្តបន្ត។ ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ និងលោកគ្រូអ្នកគ្រូ ឲ្យចេះទាញយកកម្មវិធី CoolApp មកប្រើប្រាស់ សម្រាប់ទំនាក់ទំនង ទៀតផង។

លោកអភិបាលស្រុក បានបញ្ជាក់ថា ការប្រជុំនៅសាលាស្រុក គឺដាក់ទិសដៅ និងផែនការចាំបាច់ចំនួន៣ចំណុចធំៗ ក្នុងនោះ រួមមាន៖

*ទី១៖ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូមេឃុំក្រុមប្រឹក្សាឃុំទាំង៩ទូទាំងស្រុកកំពង់លែង ត្រូវឱ្យចេះដោនឡូត និងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងថ្មី គឺកម្មវិធី CoolApp ដែលជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ។ លោកអភិបាលស្រុក បានថ្លែងថា «កម្មវិធីនេះត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្ត ឲ្យចេះប្រើប្រាស់ ដែលដែលកម្មវិធីនេះ កំពុងពេញនិយម និងត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ទាញយកមកប្រើប្រាស់ស្ទើរគ្រប់ៗគ្នា»។

*ទី២៖ ដាក់ទិសដៅដល់អាជ្ញាធរឃុំទាំង៩ នៅក្នុងស្រុកកំពង់លែង ត្រូវបណ្ដុះកូនត្នោតឱ្យបាន ៦.០០០ដើមក្នុង១ឃុំ។ ដោយឡែក រដ្ឋបាលស្រុក ក៏ត្រូវបណ្ដុះឲ្យបានចំនួន១ម៉ឺនដើមផងដែរ។ សរុបទាំងអស់ទូទាំងស្រុកកំពង់លែង ត្រូវឱ្យបានកូនត្នោតចំនួន៦៤.០០០ដើម ដើម្បីត្រៀមដឹកយកទៅដាំនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ឡាវ។

*ទី៣៖ ជំរុញការគ្រប់គ្រង ថែរក្សាបរិស្ថាន និងត្រូវធ្វើការណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុ ក្នុងនោះដែរលោកក៏បានដាក់ផែនការចំពោះឃុំមួយចំនួនដែលមានប្រជាពលរដ្ឋរស់នៅជាប់នឹង ផ្លូវជាតិលេខ៥០c ដោយតាមខ្នងផ្ទះនីមួយៗ ត្រូវដាំដើមក្ងោកចំនួនមួយដើម តែតម្លៃដើមក្ងោកនេះគឺមានតម្លៃ៤០០រៀលក្នុង១ដើម ហើយប្រជាពលរដ្ឋមានទីលំនៅតាមដងផ្លូវ៥០c ត្រូវចូលរួមបដិភាគពាក់កណ្ដាលជាមួយ អាជ្ញាធរដោយជួយចេញថ្លៃដើមក្ងោក១ដើម។ ដូច្នេះក្នុងមួយខ្នងផ្ទះត្រូវជួយចេញ២.០០០រៀល ហើយម្ចាស់ផ្ទះនីមួយៗត្រូវជួយដាំ និងថែរក្សា។ អាជ្ញាធរនឹងជួយត្រួតពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំ៕