(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ខ្សែទី១ មានប្រវែង១១.០៩គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង១ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូប្រវែង១០.៦៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង៤៦០ម៉ែត្រ ព្រមទាំងមានសំណង់លូមូលចំនួន២០កន្លែង លូប្រអប់៤កន្លែង តភ្ជាប់ពីភូមិអ្នកតាហាង ឃុំស្រៃជ្រេសទៅដល់ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ខ្សែទី២ មានប្រវែង៤.១៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ DBST ទទឹងប្រវែង៦ម៉ែត្រ និងមានចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ តភ្ជាប់ពីឃុំព្រៃមូលទៅដល់ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានលូមូលចំនួន៥កន្លែង។

ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង២.១៦គីឡូម៉ែត្រ ពីភូមិត្រពាំងគរ ទៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ និងមានសំណង់លូមូលចំនួន៨កន្លែង។

ខ្សែទី៤ មានប្រវែង ២.០២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង៥ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូប្រវែង១.៩៨គីឡូម៉ែត្រ និងក្រាលបេតុងប្រវែង៤០ម៉ែត្រ មានលូមូលចំនួន៨កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់ទទឹង ទៅភូមិអូរកណ្ដោល ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ខ្សែទី៥ មានប្រវែង៥.៧៥គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ចញ្ចើមសងខាងផ្លូវប្រវែង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៥.៧គីឡូម៉ែត្រ ក្រាលបេតុង៥០ម៉ែត្រ មានលូមូលចំនួន២៣កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចត្រោកលិច ឃុំស្រែថ្មីទៅភ្ជាប់នឹងផ្លូវជាតតិលេខ៥ ភូមិត្រពាំងពោធិ៍ ស្រុករលាប្អៀរ។

ខ្សែទី៦ មានប្រវែង១១.៣៦គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង១១.១២គីឡូម៉ែត្រ ក្រាលបេតុងប្រវែង១៤០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សា ឃុំផ្សារ ទៅភ្ជាប់នឺងផ្លូវជាតិលេខ៥ ចំណុចឃុំមេនំ ស្រុកបរិបូរណ៍ មានសំណង់លូមូលចំនួន៩កន្លែង។

ផ្លូវទាំង៦ខ្សែខាងលើបានសាងសង់រួចជាស្ថាបពរ ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់មក លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែទៀត តាមសំណូមពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ ដោយខ្សែទីមួយស្ថិតនៅស្របនិងវត្តចន្ទប្បចូត្តនារាម ហៅវត្តតាសុត និង១ខ្សែទៀតប្រវែង១គីឡូម៉ែត្រ និងផ្លូវប្រវែង១៩៩ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីពិនិត្យលទ្ធភាពសាងសង់ជូនតាមសំណើរ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ លោកបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូអង្វែង៕