(ប៉េកាំង-ចិន)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមក្នុងវេទិកា «ប៉េកាំងសៀងសាន លើកទី១១» នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកាប៉េកាំងសៀងសាន លើកទី១១ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់សន្តិភាព ដើម្បីអនាគតរួមគ្នា»

ថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ក្រោមប្រធានបទស្តីពី៖ «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ» នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ជាទូទៅមានការទទួលស្គាល់ថា ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកបដោយហានិភ័យ នៃអស្ថិរភាព រីឯពិភពលោកសព្វថ្ងៃនេះ ក៏កំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក ដែលក្នុងនោះសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីបានរួមបញ្ចូលគ្នា បង្កើតបាននូវពិភពលោកដ៏ស្មុគស្មាញ និងមិនច្បាស់លាស់មួយ។

លោកបន្ដថា បញ្ហានយោបាយរវាងមហាអំណាច មិនមែនជារឿងតែមួយគត់ដែលសំខាន់ជាងគេនៅលើសាកលលោកទៀតទេ ព្រោះបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី ក៏បង្កជាបញ្ហាធំៗដែរ ហើយវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការទទួលស្គាល់ថា គ្មានប្រទេសមួយ ឬក្រុមណាមួយអាចកំណត់ជាឯកតោភាគីនូវដំណើរនៃកិច្ចការពិភពលោក, យកឈ្នះលើបញ្ហាប្រឈម ឬដោះស្រាយបញ្ហា ដែលកំពុងកើតមានទាំងអស់តែម្នាក់ឯងនោះទេ។

ដូច្នេះការផ្លាស់ប្តូរឆ្ពោះទៅរក «ពហុប៉ូល ប្រកបដោយកិច្ចសហប្រតិបត្តិការ» នឹងផ្តល់នូវសក្តានុពលក្នុងការបង្កើតប្រព័ន្ធអន្តរជាតិមួយដែលមានតុល្យភាព និងយុត្តិធម៌ជាងមុន។ ជាមួយនឹងបណ្តុំនៃឥទ្ធិពលចម្រុះ បណ្តាប្រទេសតូចៗ មានឱកាសក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ, ចូលរួមក្នុងដំណើរការសម្រេចចិត្ត, និងមានឱកាសក្នុងការចូលរួមការងារនានា ក្នុងរបៀបវារៈសកល។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ទៀតថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ អាស៊ាននៅតែជាប៉ូលមួយដ៏សំខាន់ ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស៊ានមិនមែនជាសម្ព័ន្ធយោធា ឬជាមហាអំណាចសេដ្ឋកិច្ចនោះទេ ប៉ុន្តែអាស៊ានជាតួអង្គមួយដែលមាន «អំណាចកោះប្រជុំ» ពោលគឺអាស៊ានអាចប្រមូលផ្តុំប្រទេសមហាអំណាចធំៗ ឲ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួនបាន។

ចាប់តាំងពីការបង្កើតអាស៊ានមក អាស៊ានបានបណ្តុះយ៉ាងសកម្មនូវភាពជាដៃគូជាមួយមហាអំណាច និងដៃគូខាងក្រៅតាមរយៈយន្តការផ្សេងៗដែលដឹកនាំដោយអាស៊ាន ដូចជា អាស៊ាន+១ អាស៊ាន+៣ វេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ យន្តការទាំងនេះមិនត្រឹមតែមាននូវកិច្ចប្រជុំផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសឲ្យមានការទូតទ្វេភាគីសំខាន់ៗ ផងដែរ។ វិធីសាស្រ្តនេះជួយលើកកម្ពស់កម្រិត នៃការសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាមិនមែនជាប្រទេសធំក៏ដោយ ក៏យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព។ នយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ ប្រជាជាតិរបស់យើងប្តេជ្ញាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នា ហើយជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា និងការពិគ្រោះយោបល់។

លោកបន្ថែមថា សៀវភៅសការការពារជាតិចុងក្រោយបំផុតឆ្នាំ២០២២ របស់កម្ពុជា គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជា ក្នុងការពង្រីកការចូលរួម ក្នុងវិស័យការពារជាតិជាលក្ខណៈអន្តរជាតិ តាមរយៈក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងតំបន់។ ដោយមើលឃើញពីបទពិសោធន៍ផ្ទាល់របស់យើង ជាមួយនឹងការបំផ្លិចបំផ្លាញនៃសង្រ្គាម កម្ពុជាបានត្រៀមខ្លួនដើម្បីចែករំលែកបទពិសោធន៍នៃ នយោបាយឈ្នះ-ឈ្នះរបស់ខ្លួនជាមួយប្រជាជាតិដទៃទៀត ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង ដែលអូសបន្លាយយ៉ាងមានប្រសិទ្ធភាព និងជំរុញសន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រជាជាតិរបស់យើង។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣១ឆ្នាំកន្លងមកនេះ ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងចងចាំជានិច្ច និងដឹងគុណចំពោះកងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងទ័ពមួកខៀវ មកជួយស្វែងរកសន្តិភាពជូនកម្ពុជា។ នេះជាហេតុផលដែលកម្ពុជា បញ្ជូនកងទ័ពមួកខៀវខ្លួន ដើម្បីរក្សាសន្តិភាព និងកសាងសន្តិភាពនៅប្រទេសផ្សេងៗ ក្នុងពិភពលោក។

ក្នុងអំឡុងពេល១៧ឆ្នាំចុងក្រោយនេះ «២០០៦-២០២៣» នៃការចូលរួមរបស់យើងក្នុងបេសកកម្មរក្សាសន្តិភាព ប្រទេសកម្ពុជា បានរួមចំណែកដល់កងទ័ពរបស់យើងរាប់ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាព នៅប្រទេសដែលកំពុងប្រឈមនឹងវិបត្តិ។ ក្នុងចំណោមកម្លាំងរក្សាសន្តិភាពរបស់យើង ១៥% ជាស្ត្រី។ បច្ចុប្បន្ននេះ ពួកគេកំពុងធ្វើជាគំរូលើកទឹកចិត្តដល់ស្ត្រី និងយុវជនក្នុងការតស៊ូមតិដើម្បីសិទ្ធិ និងការចូលរួមរបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមថា សណ្តាប់ធ្នាប់ពិភពលោកថ្មី តម្រូវឲ្យមានការគិតគូរឡើងវិញនូវអភិក្រមរបស់យើងក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសមភាពនៅតែជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការអភិវឌ្ឍន៍រួម វិបុលភាព និងសន្តិភាពយូរអង្វែងរបស់យើង។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិទាំងអស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។ តាមទស្សនៈរបស់កម្ពុជា ពហុភាគីនិយមមានតួនាទីសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម៕