(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ប្រទេសនៃមហាអនុតំបន់មេគង្គ បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយសំណល់ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។

បើតាមសេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោយពីបានជជែកពិភាក្សាចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានគាំទ្រដោយអង្គការដៃគូ តំណាងនៃប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចំពោះការដោះស្រាយការបំពុលដោយប្លាស្ទិក។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុុជាយើង ផ្តួចផ្តើមគំនិតពាក់ព័ន្ធនឹងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជាធ្វើយ៉ាងណាឱ្យទន្លេមេគង្គទាំងមូលមិនមានសំរាម ថង់ប្លាស្ទិក យើងបានសម្រេច ហើយបណ្តាប្រទេសតាមដងទន្លេមេគង្គ ជាពិសេសមាន ADB បានចូលរួមចំណែកគាំទ្រ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការបំពុលដោយថង់ប្លាស្ទិក»

បណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា តំណាងនៃប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជំហរក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ ទន្ទឹមនឹងការប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។

តាមសេចក្តីថ្លែងការណ៍រួម, រដ្ឋមន្ត្រីបរិស្ថាន និងអនុរដ្ឋមន្ត្រីមកពីប្រទេសទាំង៦ នៃមហាអនុតំបន់មេគង្គ (GMS) បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល៥ឆ្នាំ ដែលរួមមានសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្តដែលមានតម្លៃជាង ១,០០០លានដុល្លារអាម៉េរិកដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់។

ក្របខ័ណ្ឌយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ (GMS) ២០៣០ថ្មី សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថានមានប្រធានបទអាទិភាពចំនួនបួន៖ ១៖ ការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី, ២៖ គាំទ្រការផ្លាស់ប្តូរកាបូនទាបដែលត្រឹមត្រូវ និងរួមបញ្ចូល, ៣៖ ជំរុញសេដ្ឋកិច្ចបៃតង និងការពង្រឹងវិធានការត្រួតពិនិត្យការបំពុល, និង៤៖ ការដាក់ចេញដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។

បញ្ហាអាទិភាព សម្រាប់សកម្មភាពត្រូវបានស្នើឡើងក្នុងចំណោមទាំងនេះរួមមាន៖ ១. តម្រូវការសម្រាប់ការលើកកម្ពស់ជម្រើសជំនួសប្លាស្ទិកប្រកបដោយនិរន្តរភាព, ២. ការលើកកម្ពស់វេទិកាចែករំលែកចំណេះដឹងលើការគ្រប់គ្រងកាកសំណល់ និងសេដ្ឋកិច្ចចក្រា, ៣. ការដាក់ពង្រាយឧបករណ៍ហិរញ្ញប្បទានហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយតាមគោលដៅ, និង៤. ការបង្ហាញឧបករណ៍ហិរញ្ញប្បទាននៅថ្នាក់ខេត្ត ក្រុង និងសហគមន៍ ដើម្បីផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន៕