(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ និងជ្រើសរើសទីភ្នាក់ងារ ជ្រើសរើសឯកជនស្របច្បាប់ ដែលទទួលបានការអនុញ្ញាតពីក្រសួង ដើម្បីជៀសវាងការធ្វើទេសន្តរប្រវេសន៍ការងារដោយប្រថុយប្រថាន ដែលអាចនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្រសួងបានកត់សម្គាល់ឃើញមានជនឆ្លៀត ឱកាសបានប្រើប្រាស់បណ្តាញសង្គម (ហ្វេសប៊ុក តិកតុក តេឡេក្រាម...) ផ្សព្វផ្សាយព័ត៌មានពីការសម្របសម្រួល ផ្តល់សេវា និងរត់ការជួយប្រជាពលរដ្ឋដើម្បីទៅធ្វើការនៅប្រទេសមួយចំនួនដែលមិនមានកិច្ចសហប្រតិបត្តិការ លើការទទួលយកពលករពីប្រទេសកម្ពុជា រួមទាំងការសម្របសម្រួលដល់ប្រជាពលរដ្ឋដើម្បីចេញទៅរស់នៅបរទេស ដោយពុំមានការបញ្ជាក់ត្រឹមត្រូវច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ និងជ្រើសរើសទីភ្នាក់ងារ ជ្រើសរើសឯកជនស្របច្បាប់ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជៀសវាងការធ្វើទេសន្តរប្រវេសន៍ការងារដោយប្រថុយប្រថាន ដែលអាចនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
ការបញ្ជូន ឬជួយសម្របសម្រួលឱ្យបុគ្គលណាមួយចេញទៅធ្វើការ នៅបរទេសដោយពុំមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាអំពើជួញដូរមនុស្ស ដែលប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ដូចមានចែងក្នុងមាត្រា៨ ដល់ មាត្រា១៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ក្រសួងសូមអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការខាតបង់ ពេលវេលា និងប្រាក់កាសដោយជនខិលខូចមួយចំនួន ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការធានារត់ការ សម្របសម្រួលជូនបងប្អូន ដើម្បីបានចេញទៅរស់នៅ និងធ្វើការនៅបរទេស។ សូមសាធារណជនសហការផ្តល់ ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធក្នុងករណីដែលមានបុគ្គលណាមួយផ្តល់សេវានេះដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖