(ភ្នំពេញ)៖ លោកបណ្ឌិត គង់ សំនៀង ប្រធានសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាមួយនឹងការដាក់ចេញយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់របស់ក្រសួងអប់រំ យុវជន និងកីឡា កូនខ្មែរកាន់តែមានសមត្ថភាពខ្លាំងពូកែ និងមានឱកាសច្រើនក្នុងការចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស នឹងបានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។
លោកបណ្ឌិត គង់ សំនៀង បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញចូលរួមក្នុងក្នុងវិធីខួប ៥ឆ្នាំនៃការបង្កើត Bright Education នៅសណ្ឋាគារ Hyatt regency Phnom Penh ក្រោមអធិបតីភាពលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងមានការចូលរួមពីលោក Dovlet នាយកប្រតិបត្តិក្រុមហ៊ុន Bright Education និងមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកបណ្ឌិត គង់ សំនៀង បានថ្លែងបញ្ជាក់ថា សម្រាប់វិស័យអប់រំនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាពេលបច្ចុប្បន្ននេះ គឺមានសកម្មភាពយ៉ាងរស់រវើកទាំងវិស័យឯកជន និងវិស័យសាធារណៈ ស្របជាមួយគ្នានោះរាជរដ្ឋាភិបាលអាណត្តិថ្មីនេះក៏បានលើកទឹកចិត្តឱ្យគ្រប់វិស័យត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្កើនគុណភាព និងលើកមុខមាត់វិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យប្រទេសនៅអឺរ៉ុប នៅអាស៉ី បានស្គាល់ពីកម្ពុជា ស្គាល់ពីគុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើវិស័យអបរ់នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត គង់ សំនៀង បានលើកឡើងដែរថា «ក្មេងៗនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ មានឱកាសទៅប្រកួតប្រជែងច្រើននៅក្រៅប្រទេស ដែលខ្ញុំតែងតែសង្គេតឃើញ និងតាមដានច្រើនលើការប្រកួតប្រជែងរបស់សិស្សានុសិស្ស ដែលនេះវាជាកម្មវិធីប្រកួតប្រជែងមួយដែលអាចធ្វើឱ្យមានច្រកដើម្បីឱ្យកូនខ្មែររបស់យើងអាចបើកផ្លូវទៅកាន់ពិភពលោក អាចបើកផ្លូវទៅបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាយើងឱ្យពិភពលោកបានស្គាល់ផងដែរ»។
ជាមួយគ្នានោះលោកបណ្ឌិត គង់ សំនៀង ក៏បានស្នើសុំការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្របន្ថែមទៀតដល់វិស័យឯកជន និងវិស័យសាធារណៈ ដើម្បីឱ្យកូនខ្មែរមានឱកាសអាចចេញទៅធ្វើការប្រកួតប្រជែងនៅក្រៅប្រទេសបានកាន់តែច្រើនថែមទៀត ខណៈដែលកូនខ្មែរអាចចេញទៅប្រកួតប្រជែងនៅក្រៅប្រទេសកាន់តែច្រើន និងទទួលបានចំណេះដឹងកាន់តែច្រើនផងដែរ។
នាឱកាសនេះដែរលោកបណ្ឌិត គង់ សំនៀង ក៏បានបញ្ជាក់ដែរថា សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា កំពុងចូលរួមសហការរៀបចំកម្មវិធីការប្រកួតប្រជែងគណិតវិទ្យាអង្គរ ជាមួយ Bright Education នៅខែធ្នូខាងមុខនេះ។ ការប្រកួតប្រជែងនេះមានបំណងលើកទឹកចិត្តសិស្សឱ្យស្គាល់ពីតម្លៃនៃការប្រកួតប្រជែង ការសិក្សា និងស្ទាត់ជំនាញលើមុខវិជ្ជាគណិតវិទ្យា ព្រមទាំងអភិវឌ្ឍជំនាញសិក្សាពេញមួយជីវិតដ៍សំខាន់ៗនាពេលអនាគត ជាពិសេសការប្រកួតប្រជែងបែបអប់រំនេះនឹងបង្កើនសមត្ថភាពក្នុងការគិត ព្រមទាំងការអភិវឌ្ឍសមត្ថភាពអនុវត្តន៍ និងជំនាញត្រិះរិះពិចារណាផងដែរ។
លោក Dovlet បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩ មក Bright Education បាននាំមកនូវភាពជោគជ័យជាច្រើនដល់ប្រទេសកម្ពុជា តាមរយៈការយកសិស្សដែលឆ្លាតបំផុតមួយចំនួនទៅប្រកួតប្រជែងនៅលើឆាកពិភពលោក ក្នុងនោះក៏មានការខកខានក្នុងរយៈពេលប៉ុន្មានផងដែរ ដោយសារបញ្ហាផ្ទុះជំងឺកូវីដ១៩ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ២០២២ Bright Education ក៏បានបញ្ជូនសិស្សចំនួន ២០០នាក់, នៅឆ្នាំ២០២៣ ក៏បានបង្កើនចំនួននោះដល់ ២០១នាក់ ។ រហូតមកដល់ពេលនេះនៅឆ្នាំ២០២៤នេះ បានយកនិស្សិតចំនួន ១៤៣នាក់បន្ថែមទៀត តំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលតួលេខទាំងនេះបង្ហាញពីការរីកចម្រើនរបស់ Bright Education នៅកម្ពុជា។
លោក Dovlet បានបន្ថែមថា ជាគោលដៅរបស់លោកគឺចង់បន្តជួយយុវជនកម្ពុជាឱ្យបានទៅប្រកួតប្រជែងនៅលើឆាកពិភពលោក ហើយនាំមកនូវភាពជោគជ័យ និងមោទនភាពកាន់តែច្រើនដល់ប្រទេសកម្ពុជា។ Bright នៅតែប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មក្នុងការជួយដល់សិស្សានុសិស្ស សាលារៀន និងសហគមន៍។ ចក្ខុវិស័យរយៈពេលវែងនេះ គឺការកសាងភាពជាដៃគូជាមួយគ្រប់សាលាក្នុងប្រទេសកម្ពុជា និងជួយសិស្សកាន់តែច្រើនទទួលបានអាហារូបករណ៍សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេ។
សូមបញ្ជាក់ដែរថា ទាក់ទិនវិស័យអប់រំនេះដែរ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ នឹងបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សានៅទូទាំងព្រះរាជាណាចក្រកម្ពុជា រហូតដល់បំណាច់ឆ្នាំ២០២៨ ។ ការលើកទឹកចិត្តនេះនឹងបន្តផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការ ពង្រីកគ្រឹះស្ថានរបស់ខ្លួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំទូទៅ៕
https://image.freshnewsasia.com/2021/id-132/fn-2024-09-15-15-42-33-0.JPG