(ភ្នំពេញ)៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអះអាងថា ការបង្ហោះផ្សាយថា ដីនៅខេត្តរតនគិរី និងមណ្ឌលគិរី ត្រូវបានប្រទេសផ្សេងយករាប់សិបម៉ឺនគីឡូម៉ែត្រការ៉េ គឺជាព័ត៌មានចាស់ និងជាព័ត៌មានមិនពិត។
ប្រទេសកម្ពុជាការពារ និងថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ រាល់ការផ្សាយព័ត៌មានចាស់ និងព័ត៌មានមិនពិតផ្សេងទៀត ដោយក្រុមជ្រុលនិយមមួយក្តាប់តូច សុទ្ធសឹងជាការឃោសនាអកុសល ធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់បង្កចលាចល បំពុលសង្គម ដែលជាទង្វើសង្គមស្អប់ខ្ពើម។
ជាមួយគ្នានេះ លេខាធិការដ្ឋាន គ.ស.ព.ស សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានចាស់ និងព័ត៌មានមិនពិតទាំងនេះទៀត៕