(ភ្នំពេញ)៖ យុវតីវ័យក្មេងម្នាក់ បានសារភាពថា ជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ដែលមានលោក កើត សារ៉ាយ ជាប្រធាន និងមានជនបរទេស ឈ្មោះ អាឡិច នៅពីខាងក្រោយខ្នង ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលនោះ បានស្នើសុំការសន្តោសប្រណី ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអាចបាននៅក្រៅឃុំ បន្តការសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ។
តាមរយៈវីដេអូឃ្លីបសារភាពកំហុស យុវតីរូបនេះនិយាយថា «នាងខ្ញុំ សូមលើកម្រាមដៃ១០ សូមការសន្តោសប្រោសប្រណីពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអាចឱ្យរូបនាងខ្ញុំ នៅក្រៅឃុំជាបណ្តោះអាសន្ន អាចមានឱកាសកែប្រែកំហុសឆ្គង ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម»។
ជាមួយគ្នានេះ យុវតីរូបនេះ សូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាអនុញ្ញាតឱ្យរូបនាងបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះ៕