(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថ្លែងផ្ដាំទៅកាន់បងប្អូនប្រជាពលរដ្ឋថា៖ «បើបងប្អូនខ្លាចបាត់បង់ទឹកដី គួរធ្វើជាពលរដ្ឋ ដែលមានគុណភាពឱ្យស័ក្តិសម ជាម្ចាស់ប្រទេស។ បើចង់ជួយសង្គម បងប្អូនត្រូវជួយខ្លួនឯង និងក្រុមគ្រួសារ ឱ្យក្លាយទៅជាពលរដ្ឋ ដែលមានគុណភាព មានសមត្ថភាព! មានចំណេះ ជំនាញវិជ្ជាជីវៈឱ្យច្បាស់លាស់! សង្គមរីកចម្រើន ផ្តើមចេញពីពលរដ្ឋម្នាក់ៗ ព្រោះពលរដ្ឋម្នាក់ជាកោសិការមួយនៃសង្គម ដូច្នេះបើកោសិការមានគុណភាពល្អ នោះសង្គមនឹងរីកចម្រើន រឹងមាំជានិរន្តរ៍»។ លោកបណ្ឌិត ឥន សុផល បានថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ទន្ទឹមនិងការអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនហើយនោះ លោកបណ្ឌិត ឥន សុផល បានលើកយកនូវហេតុផល ចំនួន៧ចំណុច ដែលបង្ហាញថា កម្ពុជាមិនមានអ្វីត្រូវព្រួយបារម្ភពីការបាត់បង់ទឹកដី និងការគ្រប់គ្រងជនបរទេស លើទឹកដីកម្ពុជាឡើយ ដោយនៅក្នុងនោះមានដូចជា៖
១៖ ប្រវត្តិសង្ខេបខ្លីៗ ពីទឹកដីកម្ពុជា ដែលអាចបាត់បង់នាសម័យកាលនោះ!
• នៅឆ្នាំ១៧៧៤ សៀម និងអាណ្ណាម បានពុះចែកដីខ្មែរលើកទី១ តាមទន្លេមេគង្គ តែបរាជ័យដោយសារចលនាតៃសឺង បះបោរនៅអាណ្ណាម។
• ពីឆ្នាំ១៨៣០-៥០ សៀម និងអាណ្ណាម ពុះចែកទឹកដីខ្មែរលើកទី២ តាមទន្លេសាប តែបរាជ័យ ដោយសារបារាំង ចូលមកគ្រប់គ្រងឥណ្ឌូចិន។
• ពីឆ្នាំ១៩៦០-៧៥ កងទ័ពវៀតកុងនៅលើទឹកកម្ពុជា ប្រមាណ១.៥លាននាក់ ដើម្បីឆ្លងកាត់ទៅវាយអាមេរិក និងវៀតណាមខាងត្បូង។
• ពីឆ្នាំ១៩៧៩-៨៩ កងទ័ពវៀតណាមជាង ២២ម៉ឺននាក់ មកជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានដកកងទ័ពចេញពីកម្ពុជានៅឆ្នាំ១៩៨៩។
ស្ថានភាពទាំង ៤ចំណុចខាងលើនេះហើយជាអ្វីដែលលោកបណ្ឌិត ឥន សុផល បានមើលឃើញថា កម្ពុជាគ្រានោះគួរបាត់បង់ ហើយប្រជាជនកម្ពុជា គួរព្រួយបារម្ភ! ពុំមែនពេលបច្ចុប្បន្ន ដែលប្រទេសជាតិ មានឯករាជ្យពេញលេញ និងសុខសន្តិភាពនោះទេ។ ជាងនេះទៅទៀតកម្ពុជាបច្ចុប្បន្ន មិននៅឯកោពីសហគមន៍អន្តរជាតិឡើយ គឺកម្ពុជាបានក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិ និងសមាជិកអាស៊ាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាព ដែលពឹងផ្អែកលើច្បាប់អន្តរជាតិ។
២៖ បច្ចុប្បន្នកម្ពុជា ជាសមាជិកអាស៊ាន ដោយសំឡេងកម្ពុជាមួយស្មើនឹងសំឡេងអាស៊ានទាំង១០ប្រទេស។ ដូច្នេះអ្វីដែលពលរដ្ឋខ្មែរ ត្រូវចូលរួមនោះ គឺការកសាងសមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីប្រកួតប្រជែងទីផ្សារការងារ ជាមួយប្រជាជាតិអាស៊ានទាំង១០។
៣៖ នៅពេលកម្ពុជា ក្លាយទៅជាសមាជិកអាស៊ាន កម្ពុជាត្រូវគោរពគោលការណ៍អាស៊ាន រួមមាន៖
• ការលើកលែងទិដ្ឋាការ៖ អាស៊ានបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនៅថ្ងៃទី២៥ ខែកក្កដា ២០០៦ គឺជាគោលដៅទេសចរណ៍អាស៊ាន ចង់ឱ្យមានលំហូរទេសចរ ដោយសេរីនៅក្នុងតំបន់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាជាតិអាស៊ាន។ ប៉ុន្តែការស្នាក់នៅត្រូវបានកំណត់រយៈពេលពី ១៤ថ្ងៃទៅ ៣០ថ្ងៃ តាមប្រទេសនីមួយៗ មិនអាចស្នាក់នៅលើសកំណត់បានឡើយ។ បច្ចុប្បន្នប្រជាជនខ្មែរជាច្រើនបានធ្វើដំណើរកំសាន្ត, ទៅព្យាបាលជំងឺ ដោយពុំចាំបាច់សុំទិដ្ឋាការទូទាំងប្រទេសអាស៊ានទាំង១០។
នៅក្នុងករណីនេះ តើកម្ពុជាអាចហាមឃាត់ទេសចរវៀតណាមបានទេ? បើកម្ពុជាហាមឃាត់ទេសចរវៀតណាម មានន័យថា កម្ពុជារំលោភលើកិច្ចព្រមព្រៀងអាស៊ាន។ ហេតុនេះគេហាមឃាត់ពលរដ្ឋខ្មែរ មិនឱ្យចេញចូលអាស៊ានវិញដែរ តើប្រជាពលរដ្ឋខ្មែរចង់បានបែបនេះទេ?
• លំហូរកម្លាំងពលកម្មជំនាញ (the Free Movement of Skill Labour)៖ យោងតាមសេចក្តីប្រកាសរួមរបស់អាស៊ានស្តីពីសមាហរណកម្មសេដ្ឋកិច្ច នៅឆ្នាំ២០១៥ គឺអនុញ្ញាតឱ្យមានលំហូរកម្លាំងពលកម្មជំនាញទូទាំងប្រទេសអាស៊ានទាំង១០ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ទាំងធនធានមនុស្ស និងបច្ចេកវិទ្យា លំហូរវិនិយោគទុន ក្នុងគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច ឱ្យស្របតាមទស្សនវិស័យអាស៊ានឆ្នាំ២០៤៥។
តើកម្ពុជាអាចហាមឃាត់មិនឱ្យមានកម្លាំងពលកម្មជំនាញពីសមាជិកអាស៊ានបាទេ ឬ វិនិយោគវៀតណាមបានទេ? បើកម្ពុជាហាមឃាត់ មានន័យថារំលោភលើសេចក្តីប្រកាសរួមរបស់អាស៊ាន។ ហេតុនេះគេក៏ហាមឃាត់កម្មករខ្មែរមិនឱ្យធ្វើការនៅថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី...។ល។
តើពលករខ្មែរនៅថៃ នៅម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ឬក៏នៅកូរ៉េ និងជប៉ុន ចង់បានការហាមឃាត់បែបនេះទេ? បច្ចុប្បន្នវៀតណាម កំពុងអភិវឌ្ឍន៍ឧស្សាហកម្មយ៉ាងខ្លាំងពីអាមេរិក ចិន ជប៉ុន កូរ៉េ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភពីបញ្ហាពលករវៀតណាមមកកម្ពុជានោះទេ។ លំហូរកម្លាំងពលកម្ម ផ្ទុយពីទឹកហូរ ពលករហូរពីកន្លែងដែលមានចំណូលទាបទៅកន្លែងដែលមានចំណូលខ្ពស់ ហេតុនេះទើបមានការបម្លាស់ទីរបស់ពលករពីប្រទេសមួយទៅប្រទេសមួយទៀត។
៤៖ រាជរដ្ឋាភិបាលកម្ពុជា មានច្បាប់គ្រងគ្រងជនបរទេស ច្បាស់លាស់គឺ៖
• ផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍៖ ផ្តល់ជូនជនបរទេស ឱ្យចូលមកទស្សនាកម្ពុជាក្នុងរយៈពេល ៣០ថ្ងៃ បើលើសកាលបរិច្ឆេទ ត្រូវពិន័យជាប្រាក់ ឬ ត្រូវមានទោសប្រសិនបើលួចធ្វើការងារនៅកម្ពុជា។ ជនបរទេស ដែលស្នើសុំទិដ្ឋាការប្រភេទទេសចរណ៍ មិនអាចធ្វើការរកកម្រៃនៅកម្ពុជាបានទេ។ ចំណែកប្រជាជាតិអាស៊ានអាចចេញចូលបានដោយសេរី តាមរយៈពេលកំណត់ ប៉ុន្តែមិនអាចស្នាក់នៅនិងធ្វើការកម្ពុជាបានឡើយ។
• ផ្តល់ទិដ្ឋាការការងារ៖ សម្រាប់ផ្តល់ឱ្យជនបរទេស ដែលមកធ្វើការនៅកម្ពុជា នៅតាមអង្គការ និងក្រុមហ៊ុនវិនិយោគឯកជន តែត្រូវមានការធានា និងស្នើសុំពីអង្គការអន្តរជាតិ ឬពីក្រុមហ៊ុនវិនិយោគច្បាស់លាស់ ទើបផ្តល់ឱ្យរយៈពេល៦ខែ, ១ឆ្នាំ ឬ២ឆ្នាំទៅតាមទំហ៊ំការងារ នៅពេលអស់សុពលភាពត្រូវស្នើសុំឡើងវិញ ការធ្វើបែបនេះគឺស្របទៅនឹងគោលការណ៍លំហូរកម្លាំងពលកម្មរបស់អាស៊ាន។
៥៖ ដោយសារមានទស្សនវិស័យច្បាស់លាស់ លើការប្រកួតប្រជែងនៃលំហូរកម្លាំងពលកម្ម តាមគោលការណ៍អាស៊ាននេះហើយ ទើបសម្តេចតេជោ បានផ្តល់អាហារូបករណ៍ ១.៥លាននាក់ឱ្យយុវជនចូលរៀនជំនាញវិជ្ជាជីវៈ នេះជារឿងដែលយុវជនខ្មែរត្រូវធ្វើ! ត្រូវខិតខំកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីដណ្តើមទីផ្សារការងារជាមួយប្រជាជាតិអាស៊ាន!
៦៖ រាជរដ្ឋាភិបាល ក៏បានចាត់វិធានការចំពោះមន្ត្រីអនុវត្តន៍ច្បាប់ជាពិសេសប៉ូលីស ត្រូវបានដេញចោលជាបន្តបន្ទាប់ និងបន្តចាត់វិធានការណ៍តឹងរឹងបំផុតចំពោះមន្ត្រីពាក់ព័ន្ធ ដែលគប់គិត បិទភ្នែកទទួលសំណូក ពីជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
៧៖ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមទៀតដល់នាយនគរបាល និងមន្ត្រីនគរបាល ដើម្បីអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធភាព និងមានក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ។ ការបណ្ដុះបណ្ដាលនេះរៀបចំដោយបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងមានលោកបណ្ឌិត ឥន សុផល ក្នុងនាមជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានចូលរួមផងដែរ។
តាមរយៈហេតុផលទាំង៧ចំណុចនេះ លោកបណ្ឌិត ឥន សុផល បានសូមទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យក្តីបារម្ភក្លាយទៅជាអំពើញុះញង់បំពានច្បាប់ និងសូមកុំដោយសារតែពាក្យស្នេហាជាតិ ទៅបម្រើនយោបាយបរទេស រួចមកបំផ្លាញសង្គមជាតិរបស់ខ្លួន៕