(ហ្សាការតា)៖ តមតាមការអញ្ជើញរបស់លោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១៥ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន កិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន កិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចផ្សេងៗទៀត។
បន្ថែមលើនេះ លោកបណ្ឌិត កៅ គឹមហួន ក៏នឹងអញ្ជើញចូលរួមថ្លែងក្នុងពិធីបើកកម្មវិធីមួយចំនួន រួមមាន៖
*វេទិកាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចប្រជុំជាមួយអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤
*វេទិកាអភិបាលក្រុងអាស៊ាន ព្រមទាំងកិច្ចប្រជុំតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ផងដែរ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាបន្តបន្ទាប់នេះ គឺជាឱកាសល្អប្រសើរសម្រាប់ឱ្យបណ្តារដ្ឋមន្ត្រីពិនិត្យមើលឡើងវិញនូវគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្នាក់តំបន់នានា នៅក្នុងតំបន់ និងពិភាក្សារកវិធីថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងចូលរួមចំណែកដល់ដំណើរសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់អាស៊ាន។
បណ្តារដ្ឋមន្ត្រីក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តផែនទីចង្អុលផ្លូវរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងផ្លាស់ប្តូរទស្សនៈស្តីពីចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោយឆ្នាំ២០២៥ និងកិច្ចការមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសឡាវ អគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបជាមួយបណ្តារដ្ឋមន្ត្រីមួយចំនួន ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់រយៈពេល១សប្តាហ៍នេះផងដែរ៕