(ភ្នំពែញ)៖ ដំណើរទស្សនកិច្ចទិសឦសានផ្សាភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជាដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល ក្រោមគាំទ្រ និងឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមានការចូលរួមឧបត្ថម្ភពីសប្បុរសជន មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីយុវជនទេ ប៉ុន្តែពលរដ្ឋដែលមានវ័យចំណាស់ក៏បានចូលរួមផងដែរ។ ជាក់ស្តែងដូនចាស់ឈ្មោះ ហេង ទាង អាយុ៨៤ឆ្នាំ ក៏បានចូលរួមដំណើរទស្សនកិច្ចនេះដែរ ក្រោមការជួយសម្របសម្រួលចុះឈ្មោះតាមរយៈកូនៗរបស់គាត់។

ដូនចាស់ ហេង ទាង បានបង្ហាញការសប្បាយចិត្ត ដែលមិននឹកស្មានថាបានមកដល់តំបន់ព្រំដែនឡើយ និងបានបង្ហាញការជឿជាក់ក្រោយបានឃើញបង្គោលព្រំដែនជាក់ច្បាស់នឹងភ្នែក។ ស្រ្តីវ័យចំណាស់រូបនេះ បានថ្លែងថា «ពេលបានមកឃើញបង្គោលព្រំដែន ដោយផ្ទាល់ដូច្នេះ ខ្ញុំមានភាពជឿជាក់ និងមានការសប្បាយចិត្ត និងលែងខ្វល់ទៀតហើយ។ អ្នកដែលបានមកដល់ព្រំដែនគឺពិតជាមានសំណាងណាស់។ ខ្ញុំជឿថាយើងអាចការពារទឹកដីយើងបាន»។

ដូនចាស់ ហេង ទាង បានថ្លែងបន្តថា «ខ្ញុំសូមផ្តាំផ្ញើដល់យុវជនសូមខិតខំប្រឹងប្រែងរៀនសូត្រ និងជឿជាក់លើសម្តេច ហ៊ុន សែន សម្តេច ហ៊ុន ម៉ាណែត និងរៀនសូត្រឱ្យបានយល់ដឹង កុំជឿលើអ្នកខាងក្រៅដែលចេះតែភូតភរយើងទេ។ យើងត្រូវជឿជាក់លើខ្លួនយើង។ ពីមុនខ្ញុំមិនបានដឹងទេ ទើបពេលនេះ បានមកឃើញបង្គោលព្រំដែន និងផ្លូវថ្នល់ដែលបានកសាងឡើង»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិតបញ្ញាវ័ន្តសរុបម្រមាណ២០០នាក់ បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សាភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយមានការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ សម្របសម្រួលដំណើរទស្សនកិច្ច និងលោក ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។

ដំណើរទស្សនកិច្ចផ្សាភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២នេះ កាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។

កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹង ដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងមានការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដូចជា៖ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុនចុងភៅ សេង ហុកហេង ដែលបានផ្តល់អាហារពេលព្រឹក និងក្រុមហ៊ុនភេសជ្ជៈបាកាស ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕