(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លីម វឌ្ឍានា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាហារបំប៉នមួយចំនួន ភេសជ្ជៈប៉ូវកម្លាំង ជាពិសេសភេសជ្ជៈដែលផ្អែមខ្លាំង ព្រោះអត្រានៃអ្នកជំងឺតម្រងនោម រហូតតម្រូវឲ្យលាងឈាម មានការកើនឡើងគួរឲ្យព្រួយបារម្ភ។
ការក្រើនរំលឹកយ៉ាងដូច្នេះ របស់លោកវេជ្ជបណ្ឌិត លីម វឌ្ឍានា បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និបាតសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា ប្រចាំឆ្នាំលើកទី៧ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីវាគ្មិនមកពីប្រទេសជប៉ុន និងសិង្ហបុរី ផងដែរ។
លោកបានថ្លែងថា «មុននឹងប្រើប្រាស់ថ្នាំអ្វីក៏ដោយ យើងដឹងហើយថាថ្នាំពេទ្យជាអាវុធមុខពីរ អីចឹងមុននឹងប្រើប្រាស់ គួរពិភាក្សាជាមួយគ្រូពេទ្យ ហើយមុននឹងប្រើប្រាស់អាហារបំប៉ន យើងខ្ញុំមិនហាមឃាត់ថាមិនឲ្យប្រើទេ ប៉ុន្តែមុននឹងប្រើប្រាស់យើងត្រូវគិតគូរឲ្យបានស្រួលបួល មួយទៀតយើងហាម ជាពិសេសក្មេងៗឃើញមានច្រើនណាស់ ចូលចិត្តឲ្យប្រើទឹកផ្អែមៗ ភេសជ្ជៈផ្អែមៗ វាប៉ះពាល់ច្រើនណាស់»។
ជំងឺតម្រងនោម ជាជំងឺមួយដែលមិនឆ្លង ជាជំងឺដែលមិនដឹងមុន ស្ងប់ស្ងាត់ ព្រោះអ្នកជំងឺខ្លះនៅពេលមកជួបគ្រូពេទ្យ គឺគាត់បានស្ថិតក្នុងដំណាក់កាលចុងក្រោយរួចទៅហើយ ដែលគាត់ចាំបាច់ត្រូវតែលាងឈាម។
ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាបានបញ្ចាក់ថា បច្ចុប្បន្ននេះជំងឺតម្រងនោម មានការកើនឡើងច្រើន ព្រោះបើតាមការវិភាគ ទាំងក្នុងមជ្ឈមណ្ឌលសម្តេច ជាស៉ីម និងមន្ទីពេទ្យកាល់ម៉ែត មានការកើនឡើងច្រើន ហើយអ្នកដែលលាងឈាមឈរលំដាប់ទីមួយនោះ គឺអ្នកជំងឺទឹកនោមផ្អែមតែម្តង។
លោកវេជ្ជបណ្ឌិត លីម វឌ្ឍានា បានឲ្យដឹងផងដែរថា ក្រុមគ្រូពេទ្យបានខិតខំពង្រីកវិសាលភាព ដើម្បីឆ្លើយតបទៅនឹងការកើនឡើងច្រើននៃអ្នកជំងឺ ខណៈដែលមន្ទីពេទ្យកាល់ម៉ែត កំពុងតែសាងសង់អគារមួយបន្ថែមទៀត ដើម្បីទប់ទល់នឹងជំងឺមិនឆ្លងនេះ។
សូមបញ្ជាក់ថា សន្និសីទប្រចាំឆ្នាំលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងឲ្យប្រជាជនយល់ដឹងពីជំងឺតម្រងនោមកាន់តែច្រើន ដោយសារតែប្រទេសមានការអភិវឌ្ឍន៍ មានការជឿនលឿនច្រើន ចំណីអាហារក៏មានការវិវឌ្ឍន៍ទៅតាមនោះដែរ ដែលនាំឲ្យមានផលប៉ះពាល់ ទៅដល់តម្រងនោម ដូច្នេះហើយបានជាថ្មីៗនេះរារដ្ឋាភិបាលបានក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវទទួលទាន អំបិលតិច ស្ករតិច ខ្លាញ់តិច ដើម្បីទប់ទល់នឹងជំងឺនេះ៕