(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា នៅកម្ពុជា មិនមានផ្សែងពុលប៉ះពាល់ដល់ការដកដង្ហើមរបស់ប្រជាជននោះទេ។

ការចេញមកបញ្ជាក់យ៉ាងច្បាស់បែបនេះ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការកាសែតបរទេស បានចុះផ្សាយថា ផ្សែងពុលបានហើរចេញពីកម្ពុជា ចូលទៅក្នុងទឹកដីថៃ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជាជាខ្លាំង។ ហើយក្រសួងបរិស្ថាន​បានប្រកាសថា ការបំពុល​ខ្យល់​នៅ​កម្ពុ​ជាមាន​ត្រឹម​ ២០ ទៅ ​៤០ug/m3 តែប៉ុណ្ណោះ ដែលជា​កម្រិត​តូច​ជាង​កម្រិតស្តង់ដា ៥០ug/m3 កំណត់ដោយ​អង្គ​​ការ​សុខភាព​ពិភពលោក ​(WHO) ហើយ​ដែល​មិន​ចោទ​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​មតិ និង​សារព័ត៌​មាន​មួយចំនួន​ទេ​។​

នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ GMS លើកទី៦ នាល្ងាចថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្សែងពុល នៅកម្ពុជាយើងមាន ប៉ុន្តែ មិនដល់កម្រិតអាសន្ន មិនដល់កម្រិតដល់ប្រជាជនកម្ពុជាយើងដកដង្ហើមទៅទទួលរងនូវឥទ្ធិពលអាក្រក់ពីផ្សែងនេះទេ យើងមានឧបករណ៍តាមដានគុណភាពខ្យល់ គ្រប់២៥រាជធានី ខេត្ត ក្រុង យើងមានឡានដែលតាមវាស់គុណភាពខ្យល់ទីណាដែលយើងសង្ស័យ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជា មិនមានផ្សែងពុលណាមួយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថាតំបន់ណាមួយមានការសង្ស័យ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS បានផ្តោតលើអាទិភាពចំនួនបួនរួមមាន៖ ទី១៖ ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាធាតុ និងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី, ២៖ គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប, ទី៣៖ ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ និងទី៤៖ ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។

​ក្រសួងបរិស្ថាន​ បានប្រកាសពី​ការបង្ការ និង​ទប់ស្កាត់​បញ្ហា​បំពុល​ខ្យល់​នៅ​កម្ពុជា ដោយបាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង បាននឹងកំពុង​យកចិត្តទុកដាក់​ចាត់វិធានកា​រទប់​ស្កាត់​បញ្ហា​ទាំងនេះ តាមរយៈ​ការដាក់ចេញ​យុទ្ធនាការ​ផ្ទៃ​មេឃ​ពណ៌​ខៀវ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ព្រម​ទាំង​បាន​អំពាវនាវ​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ចូលរួម​ផងដែរ​។​ ក្រសួង​ក៏បាន​ចាត់វិធានការ​បង្ការ និង​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ដោយ​រួម​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​ពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់ភាគី​ពាក់ព័ន្ធ​។​

នៅក្នុងទិសដៅ​លើកកម្ពស់​ការថែរក្សា​ប​រិ​ស្ថាន​ឱ្យមាន​ភាពស្រស់ស្អាត និង​ផ្ដល់​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ស្តង់ដា EURO 4 និង EURO 5 ដែល​បាន​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​ការ​សាយ​ភាយ​សារធាតុបំពុល​ខ្យល់​ចូលទៅក្នុង​បរិយាកាស​។​

​ក្រសួងបរិស្ថាន​បានប្រកាស​ទៀតថា ក្រសួង​បាន​ត្រៀមខ្លួន​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​អង្គការ​អន្តរជាតិ​ទាំងអស់​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ពី​ការបង្ការ និង​ទប់ស្កាត់​បញ្ហា​បំពុល​ខ្យល់​ដើម្បី​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​។​

​សូម​រំឭកថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃទី​​២ ខែកុម្ភៈ រវាងលោកបណ្ឌិត អ៊ាង សុផល្លែត និង​លោក​ចាក់​កា​ពុង សុង​ម៉ា​នី អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ កម្ពុជា និង​ថៃ​ បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ការពារ​ការបំពុល​ទៅក្នុង​បរិយាកាសប្តេជ្ញាចិត្ត​រួមគ្នា​ទប់ស្កាត់​ផ្សែង​អ័ព្ទ និង​ការបំពុល​ទៅក្នុង​បរិ​យា​កាស​ដើម្បី​ការពារ​សុខុមាល​​ភាព​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ ក្នុងការ​ឆ្ពោះទៅ​ភាព​ស្អាត​ ៣ គឺ​ស្អាត​ទាំង​បរិយាកាស​ជុំវិញ ស្អាត​ចិត្ត និង​ស្អាត​ទាំង​សុខភាព​។

នៅក្នុង​ជំនួប​នោះលោក អ៊ាង សុផល្លែត បាន​លើក​បង្ហាញ​ពី​របាយការណ៍​ដែល​កម្ពុជា​បាន​តាមដាន​គុណភាព​ខ្យល់​ជាប្រចាំ​តាមរយៈ​ឧបករណ៍​ស្វ័យប្រវត្តិ និង​ស្ថានីយ​តាម​ដាន ត្រួតពិនិត្យ​គុណភាព​ខ្យល់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។​

​លោក​ អ៊ាង សុផល្លែត បាន​បន្ថែមថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ឆ្លើយតប​នឹង​ការបំពុល ទាំង​នៅលើ​គោក លើ​អាកាស និង​នៅក្នុង​ទឹក​៕