(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី។

ជ័យលាភីទាំងអស់មាន ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ប្រាំលានរៀល រង្វាន់លេខ២ បីលានរៀល និងរង្វាន់លេខ៣ ពីរលានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តប្រាំរង្វាន់ ដែលម្នាក់ៗទទួលបានថវិកាពីរសែនរៀល។

គួរកត់សម្គាល់ថា កញ្ញា MAZZONI Sandra ដែលមានឪពុកជនជាតិអ៉ីតាលី ម្តាយជនជាតិខ្មែរ បានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយបានទទួលរង្វាន់លេខ១ ប៉ុន្តែកញ្ញាបានសម្រេចចិត្តផ្ទេររង្វាន់នេះជូនទៅជ័យលាភីដែលទទួលបានរង្វាន់លើកទឹកចិត្តទាំងប្រាំនាក់វិញ ធ្វើឱ្យម្នាក់ៗទទួលបាន១លានរៀលថែមទៀត។ កាយវិការនេះក៏ដោយសារកញ្ញាយល់ឃើញថា កញ្ញាមានម្ដាយជាជនបរទេស ហើយកញ្ញាក៏ធ្លាប់រៀននៅសាលាបារាំងដេកាតទៀតផង ដែលនេះអាចថា កញ្ញាមានប្រៀបលើសបេក្ខជនដទៃទៀតបន្តិច។

សូមរំលឹកថា កម្មវិធីប្រកួតសំណេរជាភាសាបារាំងនេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមាននិស្សិតរៀនភាសាបារាំងចូលរួមចំនួន៦០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗនៅរាជធានីភ្នំពេញ៕