(ប៉េកាំង-ចិន)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាមិនមែនជាប្រទេសធំ ក៏នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព។
ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នយោបាយការបរទេសរបស់កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរព សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។
តាមរយៈលទ្ធផលក្នុងឱកាសអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ក្រោមមូលបទ «ការលើកកម្ពស់សន្តិភាពសម្រាប់អនាគតរួមគ្នា (Promoting Peace for a Shared Future)» ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាជំរុញការជឿទុកចិត្តគ្នា ទៅវិញទៅមក និងការយោគយល់គ្នាក៏ដូចជាជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា និងការពិគ្រោះយោបល់ដោយសន្តិភាព។
ដោយឡែក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសមភាពនៅតែជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការអភិវឌ្ឍន៍រួម វិបុលភាព និងសន្តិភាពយូរអង្វែង។ អាស៊ាន នៅតែជាប៉ូលមួយដ៏សំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា អាស៊ានមិនមែនជាសម្ព័ន្ធយោធា ឬជាមហាអំណាចសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ជាតួអង្គមួយដែលមាន «អំណាចកោះប្រជុំ» ពោល គឺអាស៊ានអាចប្រមូលផ្តុំប្រទេសមហាអំណាចធំៗឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួនបាន៕