(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅតាមព្រំដែន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលបានចុះទៅផ្ទាល់ នៅតាមបន្ទាត់ព្រំដែន បានបង្ហាញការអាណិតអាសូរសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិបានយ៉ាងគត់មត់ ប៉ុន្តែបែរជាត្រូវបានក្រុមជនអគតិមួយចំនួន នាំគ្នាលាបពណ៌ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានក្រុមគ្រួសារសម្តេចថា កាត់ដីឱ្យទៅប្រទេសជិតខាងទៅវិញ។
តាមរយៈវីដេអូសន្ទនាមួយ ប្រជាពលរដ្ឋដែលបានចុះដល់តំបន់ព្រំដែន ផ្ទាល់តាមរយៈដំណើរទស្សនកិច្ចភូមិភាគឦសាន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនដល់ក្មេងៗ ដែលស្តាប់តាមគេហើយជាពិសេស ពួកខ្ញុំក៏រាងវិលវល់ដែរ ដោយសារតែសង្គម Facebook ដែលតែងតែបង្ហោះឱ្យយើងមើលឃើញ គឺខុសពីការពិត។ នៅពេលមកដល់ព្រំដែន ខ្ញុំមានស្រក់ទឹកភ្នែក ខ្ញុំអាណិតសម្តេចពុក សម្តេចម៉ែ កូនៗទាំងអស់គ្នា ការពារប្រទេសជាតិ ទោះគេវាយប្រហារគាត់យ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ស្រក់ទឹកភ្នែកអាណិតគាត់មែនទែន ព្រោះគេមើលងាយគាត់ជាន់ឈ្លីគាត់មិនបានបាតជើងគេ ពេលមកដល់ទើបដឹងថា សម្តេចពុក សម្តេចម៉ែ មានគុណខ្លាំងដល់ប្រជាពលរដ្ឋ»។
ប្រជាពលរដ្ឋរូបនេះ បានលើកឡើងថា «បន្ទាប់ពីចុះមកឃើញស្ថានភាពព្រំដែនជាក់ស្តែង ខ្ញុំនឹងពាំនាំស្ថានភាពពីព្រំដែននេះ ជម្រាបជូនដល់មហាជនដែលមិនទាន់អញ្ជើញមកទស្សនាដោយផ្ទាល់ នៅតាមបន្ទាត់ព្រំដែន ឱ្យពួកគាត់បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា»។
«ខ្ញុំមកឃើញមានការភ្ញាក់ផ្អើល និងមានអារម្មណ៍សោកសង្រេងយ៉ាងខ្លាំង នៅពេលដែលឭគេមើលងាយដល់សម្តេចពុក និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយខ្ញុំសូមអរគុណដល់សម្តេចពុក ដែលការពារទឹកដី សម្រាប់ទុកដល់កូនចៅជំនាន់ ខ្ញុំអរគុណខ្លាំងណាស់»។ នេះជាការលើកឡើងបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ សូមមេត្តា កុំចាញ់បោកការឃោសនាអកុសល ពីសំណាក់ជនអគតិមួយចំនួនតូច ឱ្យសោះជុំវិញបញ្ហាបូរណភាពទឹកដី។
ក្រុមប្រជាពលរដ្ឋបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន គឺជាកិច្ចរបងដ៏រឹងមាំមិនអាចឱ្យបរទេសណាឈ្លានពាន យកទឹកដីរបស់កម្ពុជា បាននោះទេ។ ចំពោះការចោទប្រកាន់ថា បង្គោលព្រំដែនចេះតែរំកិលចូលដីខ្មែររាប់គីឡូម៉ែត្រ គឺជារឿងមិនពិតនោះទេ៕
សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលចុះទៅឃើញផ្ទាល់ពីស្ថានភាព នៅតាមព្រំដែនកម្ពុជា-វៀតណាម៖