(កំពង់ឆ្នាំង)៖ លោក សន គឹមរៀង អតីតយុទ្ធជន និងជាមេភូមិក្តុលអភិវឌ្ឍន៍ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួច អស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០២៤នេះ បានទទួលអំណោយពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង តាមរយៈភ្នាក់ងារបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង។
អំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាទឹកចិត្តដ៏សប្បុរសរបស់លោកប្រធានមន្ទីរសង្គមកិច្ច ជាការជួយសម្រាលនូវជីវភាពប្រចាំថ្ងៃរបស់លោក សន គឹមរៀង បានមួយកំរិត។
ថ្វីបើលោកប្រធានមន្ទីរសង្គមកិច្ច ពុំបានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ លោកប្រធានមន្ទីរក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់លោក សន គឹមរៀង។
បន្ទាប់ពីទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគរបស់លោកប្រធានមន្ទីរសង្គមកិច្ច លោកមេភូមិក៏បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់លោកប្រធានមន្ទីរ ដែលមានសណ្ដានចិត្តសប្បុរស និងបានគិតគូរអំពីសុខទុក្ខរបស់គាត់ ដែលជាអតីតយុទ្ធជន ក៏ដូចជាបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលរស់នៅក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យនេះ បើទោះជាអំណោយតិចតួចដូចស្ដើងក៏ពិតមែន តែទឹកចិត្តប្រកបដោយមនុស្សធម៌ របស់លោកប្រធានមន្ទីរ ក៏ដូចជាថ្នាក់ដឹកនាំដែលបានយកអំណោយ និងថវិកាមកជូនដល់រូបគាត់កន្លងមក ដែលកំពុងតែជួបគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួច អំពើមនុស្សធម៌ប្រកបដោយព្រហ្មវិហារធម៌ទាំងអស់ខាងលើនេះ នឹងធ្វើឲ្យរូបគាត់ក៏ដូចជាក្រុមគ្រួសារ និងបងប្អូនអតីតយុទ្ធជនទាំងអស់ មិនអាចបំភ្លេចបានឡើយ៕