(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ អភិបាលក្រុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប ធ្វើដំណើរចុះពិនិត្យស្ថានភាព និងទីតាំងសំខាន់ៗ រួមទាំងការអភិវឌ្ឍនានា ក្នុងក្រុងព្រះសីហនុ។
គោលដៅដែលអភិបាលខេត្តចុះពិនិត្យ រួមមានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ដែលមិនទាន់បានរៀបរយមានការកកស្ទះ ការដាំ និងថែទាំដើមឈើនៅតាមដងផ្លូវសាធារណៈ ការរៀបចំអំពូលភ្លើងនៅតាមដងផ្លូវសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់ បញ្ហាអនាម័យបរិស្ថាន និងសំរាមនៅតាមតំបន់ឆ្នេរ ក៏ដូចជាក្នុងទីប្រជុំជនក្រុង ដូចនេះមន្ទីរជំនាញអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងត្រូវបន្តរៀបចំឲ្យបានល្អស្អាតឡើងវិញបន្ថែមទៀត។
ក្រោយពិនិត្យឃើញជាក់ស្ដែងលោក ម៉ាង ស៊ីណេត មានប្រសាសន៍ទៅកាន់ប្រធានមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុង ត្រូវបន្តរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាន និងសំរាមនៅតាមដងផ្លូវសាធារណៈ និងតាមតំបន់ឆ្នេរ ឱ្យបានស្អាត ដើម្បីឆ្លើយតបទៅនឹងទីក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍ ដែលមានសោភ័ណភាពបរិស្ថានល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាលំហែកំសាន្តឲ្យកាន់តែច្រើន៕