(កំពង់ធំ)៖ ខណៈការប្រលងបាក់ឌុបខិតជិតមកដល់ លោក ផៃ សុខខេង នាយករងខុទ្ធការល័យ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សវិទ្យាល័យទៀល ឃុំទៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងការចែករំលែក ផ្តល់ពុទ្ធិ ចំណេះដឹងចំណេះធ្វើ និងលើកទឹកចិត្ដដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីជាប់ប្រឡងនៅខែតុលា ឆ្នាំ២០២៤នេះខាងមុខ។

លោកបានជំរុញដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិនៅខែតុលាឆ្នាំ២០២៤ខាងមុខនេះ ត្រូវខិតខំយកចិត្ដទុក់ដាក់រៀនសូត្របន្ថែម ហើយនៅពេលប្រឡងមិនត្រូវអវត្ដមាន និងត្រូវធ្វើយ៉ាងឱ្យសំណេរប្រលងរបស់ខ្លួន មានភាពជាក់លាក់ និងត្រឹមត្រូវ មានតែចំណេះវិជ្ជាទេ ដែលធ្វើអោយប្រទេសជាតិ និងសង្គមគ្រួសារមានការរីកចំរើន។

លោក តែ គឹមស៊ាន នាយកវិទ្យាល័យទ្រៀល បានសម្ដែងការអបអរ ចំពោះថ្នាក់ដឹកនាំ ដែលបានបង្ហាញពីគន្លឹះ និងបទពិសោធន៍នៃការប្រលងបាក់ឌុបនេះ ។

លោកបន្ដថា គ្រប់ស្ថាប័នអ្នកពាក់ព័ន្ធ ដែលចែករំលែកចំណេះដឹងបន្ថែមនេះ ជាការលើកទឹកចិត្ដដល់ពួកគាត់ ឱ្យមានការខិតខំប្រឹងប្រែង មើលមេរៀនថែមទៀត ដើម្បីសម្រេចបានជោគវាសនាល្អរបស់ពួកគាត់ នាពេលប្រឡងបាក់ឌុបខាងមុខ។

លោកបានបញ្ជាក់ថា បេក្ខជនដែលត្រូវចូលរួមប្រឡងទុតិយភូមិឆ្នាំនេះ មានចំនួន ៣៩០ នាក់៕