(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាះការហួសចិត្តចំពោះការដាក់ទណ្ឌមកលើអ្នកឧកញ៉ា លី យ៉ុងផាត់ ពីសំណាក់ក្រសួងរតនាគារអាមេរិក។
លោក ហ៊ុន ម៉ានី តាមរយៈ Facebook បានចាត់ទុកការវិការរបស់អាេមរិកប្រៀបទៅពាក្យមួយឃ្លារបស់ខ្មែរថា «ចាប់ដៃ ជាន់ជើង» និងមិនអាចទទួលយកបានឡើយក្នុងនាមកម្ពុជា ជារដ្ឋអធិបតេយ្យមួយ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «សូមជូនបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសពិចារណា, "ចាប់ដៃ ជាន់ជើង"! ជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយ ពិបាកទទួល ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំង សម្រាប់ជាមូលដ្ឋានពង្រឹងទំនាក់ទំនងដោយស្មោះត្រង់ ជឿទុកចិត្ត និងស្មើភាពគ្នា!»។
បើតាមលោក ហ៊ុន ម៉ានី, ពិតណាស់ ឃ្លានេះមានន័យគ្រប់គ្រាន់បញ្ជាក់ពីចេតនា និងសកម្មភាព ដែលស្តែងឡើង ខុសពីអ្វីដែលអ្នកបាននិយាយ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនា គារ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត៕