(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយក នាយិកា ទាំង៤កម្រិត និងប្រគល់ថវិកាជូនក្លិបគ្រូបង្រៀន ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដើម្បីចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈមនានា ដែលពួកគាត់កំពុងជួបប្រទះ ក្នុងដំណើរការបង្ហាត់បង្រៀនសិស្ស និងជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីនេះត្រូវបានធ្វើឡើង នៅ២ទីតាំងផ្សេងគ្នា គឺនៅស្នាក់ការគណបក្សស្រុកក្រគរ ចំនួន១០០នាក់ និងនៅស្នាក់ការគណបក្សស្រុកកណ្ដៀង ចំនួន១០០នាក់ ដោយបានការចូលរួមពីក្រុមការងារចុះជួយស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានជម្រាបជូនថា លោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានសីលធម៌ និងសេចក្ដីថ្លៃថ្នូរ សូម្បីតែលោក ដែលកាន់មុខតំណែងបច្ចុប្បន្ន ក៏កើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូផងដែរ។

លោកបណ្ឌិតសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។

ជាមួយគ្នានោះ លោកបណ្ឌិតសូមឱ្យគណៈគ្រប់គ្រងសាលានីមួយៗ ត្រូវដឹកនាំសិស្ស និងជួយបំផុសចលនាដាំដើមឈើ នៅតាមខ្នងផ្ទះ ទីសាធារណៈ សាលារៀន និងត្រូវសម្អាតអនាម័យ ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។

លោកបណ្ឌិត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលជាសមាជិក សមាជិកា ក្លិបគ្រូបង្រៀន ស្រុកក្រគរ និងស្រុកកណ្តៀងទាំងអស់ ដែលបានចំណាយពេលវេលា ផ្ដល់ឱកាសបានចូលរួមសំណេះសំណាល និងជួបសម្តែងការគួរសម ពិសេសបានយកចិត្តទុកដាក់ បង្ហាត់បង្រៀនដល់សិស្សានុសិស្សយើងកន្លងមក។

លោកបណ្ឌិត លោកបណ្ឌិត ប្រាំង ជលសា ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងការអភិវឌ្ឍឈានឡើង របស់ប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាតាមខ្សែក្រវាត់ព្រំដែន ដែលទទួលបានការគាំទ្រ ពីប្រជាជននិងមហាជន ចូលរួមកសាងដោយស្ម័គ្រចិត្ត។ ហើយនេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់ក្លឹបគ្រូបង្រៀន ស្រុកក្រគរ និងស្រុកកណ្តៀង ដើម្បីទុកប្រើប្រាស់តាមការគួរ ទៅតាមភាពជាក់ស្តែងផងដែរ។

សូមជម្រាបជុូនថា ក្លិបគ្រូបង្រៀន គឺជាក្លិបមួយបង្កើតឡើងដោយបានការពូនផ្ដុំជាគំនិត របស់លោក កែវ រតនៈ កាលលោកនៅជាប្រធានក្រុមការងាររដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកណ្តៀង។ ដោយលោកត្រូវបានទទួលមុខតំណែងថ្មី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ក្លិបគ្រូបង្រៀន ត្រូវបានបង្កើតជាបន្តបន្ទាប់ នៅតាមបណ្ដាក្រុងស្រុកទាំង៧ ទូទាំងខេត្ត និងមានសមាជិក សមាជិកាចូលរួមរាប់ពាន់នាក់ ក្នុងគោលបំណង ផ្តល់ការគាំទ្រយ៉ាងស្អិតរមួត រវាងក្រុមការងារ ជាមួយលោកគ្រូ អ្នកគ្រូ, រឹតចំណងសាមគ្គីភាព ក្នុងអាជីពគ្រូបង្រៀនដូចគ្នា, ចែករំលែកបទពិសោធន៍ រវាងគ្រូជំនាន់ថ្មី និងជំនាន់ចាស់, ជម្រុញឱ្យមានទស្សនវិស័យ និងគោលដៅរួមគ្នា, បង្កលក្ខណៈសប្បាយរីករាយ និងចូលរួមចំណែក ក្នុងការចែករំលែកសុខទុក្ខគ្នាទៅវិញទៅមក៕