(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរំលឹកអំពីភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ១៩ ដែលពេលនោះបើសិនកម្ពុជាមិនមានភាពម្ចាស់ការទេ នឹងជួបគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ហើយប្រឈមជាមួយអត្រាអ្នកស្លាប់កាន់តែច្រើន។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលជំងឺកូវីដ១៩ គ្រប់បណ្ដាប្រទេសនានាត្រូវតែមានភាពម្ចាស់ការលើខ្លួនឯង ព្រោះមិនអាចមានអ្នកណាជួយអ្នកណាបាននោះទេ ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានច្រើន ហើយពេលនោះការឆ្លងកាត់ពីបណ្ដាប្រទេសមួយ ទៅប្រទេសមួយ ត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងដំណាក់កាលជំងឺកូវីដ១៩ យើងមានសមត្ថភាពម្ចាស់ការ ព្រោះពេលនោះបើសិនពេទ្យយើងអត់សមត្ថភាព យើងអាចគ្រោះថ្នាក់ ហើយស្លាប់ច្រើនជាងនេះ។ ព្រោះប្រទេសនីមួយៗគ្មានអ្នកណាចេញបានទេ គេបិទព្រំដែនចេញលែងរួច គេបិទផ្លូវអាកាស ហើយម្នាក់ៗទទួលខុសត្រូវក្នុងប្រទេសរបស់ខ្លួន»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, នៅពេលនោះ ទាំងគ្រូពេទ្យក៏មានភាពម្ចាស់ការ ក្របខ័ណ្ឌគោលនយោបាយ និងការដឹកនាំបញ្ជាក៏មានភាពច្បាស់លាស់ បូកជាមួយការប្រតិបត្តិផ្ទាល់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងវេជ្ជបណ្ឌិតជំនាញទាំងអស់នៅតាមមន្ទីរពេទ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទើបធ្វើឲ្យកម្ពុជាទទួលជោគជ័យលើសមរភូមិជំងឺកូវីដ១៩។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងពុះពារ និងជម្នះរាល់គ្រប់ឧបសគ្គទាំងអស់ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកឲ្យគ្រូពេទ្យ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត, តាមរយៈឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬគ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺឲ្យចូលរួមក្នុងការសម្រេចចិត្ត លើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និងបទពិសោធអំពីការបង្ករបឋម, ការព្យាបាល, ការបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំអ្នកជំងឺជាដើម៕