(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា លក្ខខណ្ឌក្នុងការជ្រើសរើសពេទ្យ មិនអាចទម្លាក់ស្តង់ដាបាននោះឡើយ គឺត្រូវតែពង្រឹងស្តង់ដាខ្ពស់ ដើម្បីបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមប្រសាសន៍សម្តេចធិបតី ការរក្សាបានគុណភាពសុខាភិបាល មិនត្រឹមតែធានាអាយុជីវិតមនុស្សទេ តែធ្វើឲ្យកិត្តិយស និងកេរ្តិ៍ឈ្មោះពេទ្យល្អ ហើយដើម្បីឲ្យវិស័យសុខាភិបាលរីកចម្រើន ទាល់តែប្រជាពលរដ្ឋទុកចិត្តវិស័យនេះ។ សម្តេច បានស្នើសាកលវិទ្យាល័យ និងបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលឯកជនទាំងអស់ ពង្រឹងគុណភាពអប់រំវិស័យសុខាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការបន្តការពង្រឹងបណ្តុះបណ្តាលគុណភាពផ្នែកសុខាភិបាល ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើជំនាញ ទាំងជំនាញទន់ និងរឹង។ ថ្ងៃមុន មានការលើកយោបល់ឲ្យខ្ញុំថា ឥលូវពេទ្យរបស់យើងកំពុងតែខ្វះ គួរតែបន្ថូរបន្ថយទៅលក្ខខណ្ឌនៃការបណ្តុះបណ្តាល កម្រិតពេទ្យកុំឲ្យក្រសួងសុខាភិបាលតឹងពេក ខ្ញុំថា អត់ទេពេទ្យត្រូវតែតឹង»។
សម្តេច បានបន្តថា «កុំបន្ទន់ កុំទម្លាក់ស្តង់ដាសុខាភិបាល ត្រូវតែតម្លើងកម្រិតមនុស្សឲ្យខ្ពស់ល្អជាង។ ពេទ្យ មិនមែនគណនេយ្យករទេណា។ គណនេយ្យករ ធ្វើខុសកែចេញបាន ពេទ្យចេញមកត្រូវតែទទួលភារកិច្ច ជំងឺស្រាលត្រូវតែឲ្យជា កុំឲ្យជំងឺស្រាលទៅជាធ្ងន់ ជំងឺធ្ងន់ត្រូវជួយឲ្យស្រាល ឬរស់»។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ, ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្តនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពជូនប្រជាជននៅតាមមូលដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល៕